ព័ត៌មានអន្តរជាតិ

ប៉ូលិសកូរ៉េខាងត្បូង បន្តតាមដានទីតាំងរបស់លោក Yoon ខណៈសង្ស័យថា លោកបានភៀសខ្លួនបាត់ទៅហើយ

xinhua
" "

សេអ៊ូល៖ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុងតាមដានទីតាំង របស់ប្រធានាធិបតីលោក Yoon Suk Yeol ចំពេលមានពាក្យចចាមអារ៉ាមថាលោកប្រហែលជា បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់លោក ខណៈដែលប្រឈមនឹងការគំរាមកំហែង នៃការចាប់ខ្លួនជុំវិញការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានយុនហាប់។

មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “យើងមិនអាចបង្ហាញជាក់លាក់ពី ទីតាំងរបស់ប្រធានាធិបតីលោក Yoon បាននោះទេ យើងកំពុងបន្តតាមដានទីតាំងរបស់លោក”។ លោក Yoon ត្រូវបានគេជឿថា ត្រូវបានឃុំខ្លួនភាគច្រើននៅឯគេហដ្ឋានផ្លូវការ របស់លោកនៅកណ្តាលទីក្រុងសេអ៊ូល ចាប់តាំងពីរដ្ឋសភាបានចោទប្រកាន់ លោកកាលពីថ្ងៃទី១៤ ខែធ្នូ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដែល បរាជ័យរបស់លោកកាលពីដើមខែនោះ។

" "

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលិសបានបញ្ជាក់ថា លោកនៅផ្ទះកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលក្រុមអ្នកស៊ើបអង្កេត បានព្យាយាមអនុវត្តដីកា ដើម្បីឃុំខ្លួនលោក មុនពេលដកខ្លួនចេញ រយៈពេល ៥ម៉ោងក្រោយមក ចំពេលមានការប្រឈមមុខដាក់គ្នា ជាមួយបុគ្គលិកសន្តិសុខប្រធានាធិបតី ដោយពួកគេបានឲ្យដឹងថា លោកនៅក្នុងលំនៅដ្ឋានយ៉ាងហោចណាស់ រហូតដល់ដើមសប្តាហ៍នេះ។

" "

ពាក្យចចាមអារ៉ាមដែលថា លោកប្រហែលជាបានរត់គេចខ្លួន ត្រូវបានផ្ទុះឡើងកាលពីថ្ងៃអង្គារដោយលោក Oh Dong-woon ប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ ដែលបានប្រាប់សមាជិកសភាក្នុងសម័យប្រជុំសភាថា លោកមិនបានឮអ្វីជាក់លាក់អំពីថាតើលោក Yoon នៅតែក្នុងលំនៅដ្ឋានរបស់លោកនោះទេ។

នៅពេលសួរថាលោក Yoon អាចរត់គេចបានឬអត់ លោកបានឆ្លើយថា “យើងកំពុងតែគិតពីលទ្ធភាពផ្សេងៗ” ដែលអាចនិយាយបានថា លោកប្រធានាធិបតីទំនងជាភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់លោកបាត់ទៅហើយ។ ក្នុងបទសម្ភាសជាមួយវិទ្យុ KBS កាលពីថ្ងៃពុធ តំណាងរាស្រ្ត Ahn Gyu-back នៃគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់បានអះអាងថា លោកមានព័ត៌មានថា លោក Yoon បានចាកចេញពីលំនៅឋានរួចទៅហើយ ហើយកំពុងលាក់ខ្លួនក្នុងប្រទេសទី៣ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top