ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងអនុញ្ញាតិឲ្យលោក Natanyahu បំពេញទស្សនកិច្ចនៅក្នុងតំបន់ Aushwitz

xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលប៉ូឡូញនឹងអនុញ្ញាតឱ្យលោក Benjamin Netanyahu ចូលរួមក្នុងពិធីរំលឹកមួយនៅឯអតីតជំរុំប្រមូលផ្តុំ Auschwitz-Birkenau នៅចុងខែនេះ បើទោះបីជាកំពុងត្រូវបានដាក់សំពាធ ទៅដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះក៏ដោយ។

តុលាការICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant កាលពីខែវិច្ឆិកា ដោយចោទប្រកាន់មន្ត្រីទាំងពីរពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ប្រទេសប៉ូឡូញត្រូវមានកាតព្វកិច្ចក្នុងការចាប់ខ្លួនបុរសទាំងពីរនៅលើទឹកដីរបស់ខ្លួនហើយ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Wladyslaw Bartoszewski បាននិយាយកាលពីខែមុនថា ដីកានឹងត្រូវបានអនុវត្ត ប្រសិនបើលោក Netanyahu ចូលរួមពិធីរំលឹកខួបលើកទី៨០នៃការរំដោះជំរុំនេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទៅវិញថា លោកបានស្នើសុំឱ្យ អជ្ញាធរប៉ូឡូញធានាបានថា លោក Netanyahu អាចចូលរួមក្នុងពិធីនេះ ប្រសិនបើគាត់ប្រាថ្នាចង់ចូលរួមពិតមែននោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top