បរទេស៖ ឡានម៉ាក VinFast VF 3 ដែលផលិតនៅក្នុងប្រទេសវៀតណាម បានឆាបឆេះបន្ទាប់ពីបានបំពាក់ចង្កៀងមុខដែលមិនមានស្តង់ដារ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា Hoai An ដែលជាម្ចាស់រថយន្តបាននិយាយថា នាងបានទទួលរថយន្តនេះកាលពីចុងខែវិច្ឆិកាឆ្នាំមុន។ ខណៈពេលដែលកំពុងរង់ចាំស្លាកលេខ នាងបានសម្រេចចិត្តកែលម្អរថយន្តជាមួយនឹងគ្រឿងបន្ទាប់បន្សំជាច្រើនទៀត រួមទាំងប្តូរចង្កៀងមុខផងដែរ។
ឧបទ្ទវហេតុឆេះរថយន្តនេះបានកើតឡើងនៅយប់មួយក្នុងខែមករា ខណៈដែល Hoai An កំពុងបើកបរក្នុងសង្កាត់លេខ១ ក្នុងទីក្រុង ហូជីមិញ។ នាងបានកត់សម្គាល់ថា មានធុំក្លិនឆ្ងៀមផ្លាស្ទិច ប៉ុន្តែនាងបានស្ទាក់ស្ទើរក្នុងការបញ្ឈប់ឡានដោយសារតែស្ទះចរាចរណ៍។ ប្រហែល១៥នាទីក្រោយមក ផ្សែងបានចាប់ផ្តើមហុយចេញពីក្បាលរថយន្ត បន្ទាប់មកក៏មានអណ្តាតភ្លើងឆាបឆេះឡើង។ អគ្គិភ័យបានលេបត្របាក់រថយន្តទាំងស្រុង បន្សល់ទុកតែគ្រោងដែក។
ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃអគ្គីភ័យ។ ដោយផ្អែកលើការពិគ្រោះយោបល់ជាមួយអ្នកបច្ចេកទេស គឺមានការសង្ស័យថា បញ្ហានេះកើតចេញពីការតម្លើងភ្លើងខាងមុខរបស់រថយន្ត ៕
ប្រែសម្រួលៈ ណៃ តុលា