ព័ត៌មានអន្តរជាតិ

វិធានការ បន្ធូរបន្ថយពន្ធគយ របស់រដ្ឋាភិបាលចិន នឹងនាំមកនូវកាលានុវត្តន៍ភាព អភិវឌ្ឍន៍ថ្មីៗ ដល់ប្រទេសលោកខាងត្បូង

ចាប់តាំងពីចូលជាសមាជិក នៃអង្គការពាណិជ្ជកម្ម ពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើសមាហរណកម្ម យ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្ម ឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក ។ ក្នុងនាមជាប្រទេស ដែលគាំទ្រយ៉ាងសកម្ម ដល់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ប្រទេសចិនតែងតែខិត ខំប្រឹងប្រែង លើកកម្ពស់ ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការ អនុគ្រោះនានាជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានប្រកាសដាក់ចេញ នូវវិធានការបន្ធូរបន្ថយ អត្រាពន្ធគយ លើផលិតផលនាំ ចូលមួយចំនួនធំ និង បានសន្យាផ្តល់ការអនុគ្រោះពន្ធគយ សូន្យដល់ប្រទេសកំពុងអភិវឌ្ឍន៍ តិចតួចបំផុតចំនួន ៤៣ ។ នេះគឺ ជាការបោះជំហានថ្មីមួយទៀត របស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើក ទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូងផងដែរ។

ការដាក់ចេញនូវគោលនយោបាយ អនុគ្រោះពន្ធគយខាងលើ នឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ មានលទ្ធភាពបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផលដែលខ្លួនមាន ឧត្តមភាពប្រៀបធៀបទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំជាងគេលំដាប់ទី២ របស់ពិភពលោក ។ ការភ្ជាប់ទំនាក់ទំនងរវាងផលិតករ ក្នុងស្រុកទៅនឹងទីផ្សារយក្សដូចជាប្រទេសចិន បានផ្តល់នូវឱកាសមាស សម្រាប់ប្រទេសលោកខាងត្បូង ក្នុងការបង្កើនចំណូលជាតិ កាត់បន្ថយភាពក្រីក្រ និងពង្រឹងភាពធន់សេដ្ឋកិច្ច ដែលនឹងជួយពន្លឿនការអនុវត្តនូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ប្រទេសអាស៊ានភាគ ច្រើនបាន និងកំពុងទទួលប្រយោជន៍ សេដ្ឋកិច្ចជាច្រើន ពីការនាំចេញផលិត ផលសំខាន់ៗរួមមានកសិផល និងម្ហូបអាហារកែច្នៃ ទៅកាន់ទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ហើយការបន្ធូរបន្ថយ អត្រាពន្ធគយនេះ នឹងកាន់តែបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ប្រទេសអាស៊ាន ក្នុង ការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងបង្កើនសន្ទុះថ្មី ដល់ការធ្វើពាណិជ្ជកម្មរវាងតំបន់ទាំងពីរ និងជំរុញសេដ្ឋកិច្ចតំបន់ ឱ្យកាន់តែមានភាពរស់រវើកថែមទៀត។

ក្រៅពីនេះ វិធានការបន្ធូរបន្ថយពន្ធគយ របស់រដ្ឋាភិបាលចិន នឹងផ្តល់ឱកាសដល់ប្រទេស លោកខាងត្បូង អាចមានលទ្ធភាពលើក កម្ពស់ទំនើប កម្មវិស័យកសិកម្ម និងវិវត្តខ្លួនពីប្រទេស នាំចេញវត្ថុធាតុ ដើមទៅជាប្រទេសនាំ ចេញផលិតផលមានតម្លៃបន្ថែម ដើម្បីបំពេញតម្រូវការ ដ៏សម្បូរបែបរបស់ប្រជាជនចិន។ តាមការគ្រោងទុក ចំនួនអ្នកមានចំណូលមធ្យមក្នុងប្រទេសចិននឹងកើនឡើង រហូតដល់ ៨០០ លាននាក់ នៅឆ្នាំ២០៣០ ពោលគឺតម្រូវការសកលសម្រាប់ផលិតផល មានគុណភាពនឹងកើនឡើង គួរឱ្យកត់សម្គាល់។

ក្នុងន័យនេះ គោលនយោបាយអនុគ្រោះពន្ធគយសូន្យរបស់ចិននឹងក្លាយទៅជាកត្តាជំរុញដ៏សំខាន់ដល់អ្នកវិនិយោគចិន និងអន្តរជាតិឱ្យចូលទៅបណ្តាក់ទុន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត សំដៅផលិតទំនិញមានគុណភាព សម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន ដើម្បីទាញយកប្រយោជន៍ពីការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិន។ ការវិនិយោគទាំងនេះមិនត្រឹមតែបង្កើតឱកាសការងារដល់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះនោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញ និងបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហូបនីយកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតផងដែរ។

សម្រាប់កម្ពុជា រដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់ទំនើប កម្មវិស័យកសិកម្មឱ្យកាន់តែមានស្តង់ដារ និងការប្រកួតប្រជែងខ្ពស់សម្រាប់ការ នាំចេញផលិតផល ដែលមានឧត្តមភាពប្រៀបធៀបទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារចិន។ តាមរយៈការលើកទឹកចិត្តដល់វិនិយោគិនបរទេសចូលមកបណ្តាក់ទុនលើវិស័យអាទិភាពនានា រួមមានកសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារជាដើម កម្ពុជាអាចពង្រឹងឧត្តមភាពប្រៀបធៀបរបស់ខ្លួន និងបាននាំចេញកសិផលសំខាន់ៗជាច្រើនទៅកាន់ទីផ្សារចិន ដែលរួមមានអង្ករ ស្វាយ ចេក ម្រេច និងកៅស៊ូ ។ល។ ការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិន នឹងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា និងបង្កលក្ខណៈងាយស្រួល ក្នុងការនាំចេញផលិតផលកាន់ តែច្រើនបន្ថែមទៀត ទៅកាន់ទីផ្សារចិននៅឆ្នាំខាងមុខ។
សរុបមក វិធានការបន្ធូរបន្ថយពន្ធគយ ដែលត្រូវបានដាក់ ចេញកាលពីពេលថ្មីៗនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីការ ប្តេជ្ញាចិត្តឥតងាករេ របស់រដ្ឋាភិបាលចិន ក្នុងការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់នោះទេ ប៉ុន្តែថែមទាំងផ្តល់នូវ កាលានុវត្តន៍ភាពថ្មីៗ ដល់ប្រទេសលោកខាងត្បូង ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ តិចតួចបំផុតទទួលបាន នូវប្រព័ន្ធអនុគ្រោះពន្ធគយ ក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន លើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងជំរុញការវិនិយោគបរទេសផងដែរ ។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការលើកកម្ពស់ការបើកទូលាយសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ពីសហគមន៍អន្តរជាតិ ស្របពេលដែល ពិភពលោកកំពុង ប្រឈមមុខនឹងការកើនឡើង នៃគោលនយោបាយ គាំពារនិយម និងហានិភ័យនៃ ភូមិសាស្ត្រនយោបាយ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល អភិវឌ្ឍន៍កម្ពុជា

To Top