ព័ត៌មានអន្តរជាតិ

លិចទូកទេសចរណ៍ ក្តោង២នៅកោះភូកេត ប្រទេសថៃ អ្នកទេសចរចិន ៣៣នាក់ ត្រូវបានជួយសង្គ្រោះ

Photo: Marine Department

បរទេស ៖ អ្នកទេសចរចិនចំនួន ៣៣ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ពីការលិចទូក កាតាម៉ារ៉ាន (ទូកមានក្តោង២) ដែលធ្វើដំណើរ ចេញពីខេត្តទេសចរណ៍ ភាគខាងត្បូងនេះកាលពីរសៀលថ្ងៃច័ន្ទ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យនាយកដ្ឋាន សមុទ្រភូកេត បានទទួលដំណឹងថា ទូកកាតាម៉ារ៉ានឈ្មោះ Ameray 888 បានលិចចម្ងាយប្រហែល ១,៦ ម៉ាយពីខាងជើងកោះ Racha Yai នៅម៉ោង ១២៖៣០នាទីរសៀល។ កោះ Racha Yai ស្ថិតនៅភាគខាងត្បូងនៃភូកេត ។

យោងតាមអ្នកគ្រប់គ្រងទូក ដែលគេស្គាល់ថាជា Ef គឺទូកបានចាកចេញពីកោះ Racha Yai ទៅកាន់កោះ Hey ជាមួយនឹងភ្ញៀវទេសចរចិនចំនួន ៣៣នាក់នៅលើនោះ នៅពេលដែលបង្អួចកញ្ចក់នៅខាងស្តាំ របស់ទូកបានបែក ហើយបណ្តាលឱ្យរលកបានហូរចូលទៅក្នុងទូកនោះ។

ទូកកាតាម៉ារ៉ានបានលិច ក្នុងរយៈពេលប្រហែល ២០ នាទី។ អ្នកទេសចរចិន មគ្គុទ្ទេសក៍ទេសចរណ៍ និងកូនជាងដែលពាក់អាវពោង ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ដោយទូកនៅក្បែរនោះ រួមទាំងទូកទេសចរណ៍ Rhapsody និងទូកនេសាទ Maliwan ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top