តូក្យូ៖ ក្រុមហ៊ុនបានឲ្យដឹងថា អាជ្ញាធរសហរដ្ឋអាមេរិក បានពន្យារពេលកំណត់ដែលដាក់លើក្រុមហ៊ុន Nippon Steel Corp. របស់ប្រទេស ជប៉ុន និង ក្រុមហ៊ុន United States Steel Corp. ដើម្បីបោះបង់ចោលផែនការ រួមបញ្ចូលគ្នា របស់ពួកគេ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ដែលជាការផ្លាស់ប្តូរ មួយបានកើតឡើង នៅពេលដែលពួកគេ ប្រយុទ្ធតតាំង ដើម្បីជំរុញកិច្ចព្រមព្រៀង នៅក្នុងតុលាការ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចេញបញ្ជា កាលពីថ្ងៃទី ០៣ ខែមករា ដើម្បីទប់ស្កាត់ការកាន់ កាប់ក្រុមហ៊ុន US Steel ក្នុងតម្លៃ ១៤,១ពាន់លានដុល្លារដោយក្រុមហ៊ុនជប៉ុន ដោយផ្អែកលើហេតុផលសន្តិសុខជាតិ ហើយបានជំរុញឱ្យក្រុមហ៊ុនចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីលុបចោលកិច្ចព្រមព្រៀង” ទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងរយៈពេល ៣០ ថ្ងៃ។
ទោះជាយ៉ាងណាក៏ ដោយ បទបញ្ជានេះក៏ បានបញ្ជាក់ផងដែរថា រយៈពេលអាចត្រូវបានពង្រីក ដោយគណៈកម្មាធិការ វិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដែលជាក្រុមនៃទីភ្នាក់ងារ សហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការ ពិនិត្យមើលសំណើនេះ ។ ការពន្យារពេល នៃថ្ងៃផុតកំណត់នៅថ្ងៃទី០២ ខែកុម្ភៈ បានធ្វើតាមសំណើរបស់ក្រុមហ៊ុន Nippon Steel ។
ក្រុមហ៊ុន US Steel បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរីករាយដែល CFIUS បានផ្តល់ការពន្យារពេល ដល់ថ្ងៃទី១៨ ខែមិថុនា យើងទន្ទឹងរង់ចាំការបញ្ចប់ ប្រតិបត្តិការនេះ ដែលធានានូវអនាគតដ៏ល្អបំផុត សម្រាប់ឧស្សាហកម្ម ដែកអាមេរិក និងអ្នកពាក់ព័ន្ធទាំងអស់របស់យើង”។
ប្រតិកម្មទៅនឹងការបញ្ជារបស់លោក បៃដិន ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងក្រុមហ៊ុន US Steel ដែលជាអ្នកផលិតធំទី ៣ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងសហព័ន្ធចំនួនពីរ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីស្វែងរកការការពារ ផែនការរួមបញ្ចូល គ្នារបស់ពួកគេពីអ្វី ដែលពួកគេហៅថា “ការជ្រៀតជ្រែកផ្នែកនយោបាយ ខុសច្បាប់ និងមិនត្រឹមត្រូវ” ។
បណ្តឹងមួយក្នុងចំណោមបណ្តឹង សុំឱ្យតុលាការទុកចោល ដំណើរការត្រួតពិនិត្យ CFIUS ខុសច្បាប់ និងដីការបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន និងណែនាំ CFIUS ឱ្យវាយតម្លៃឡើងវិញនូវសំណើនេះ៕
ប្រែសម្រួល ឈូក បូរ៉ា