ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងធ្វើការឆ្ពោះទៅរកកិច្ចប្រជុំកំពូល Ishiba-Trump នៅអាមេរិក មុនពាក់កណ្តាលខែកុម្ភៈ

AFP

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងធ្វើការដើម្បីរៀបចំដំណើរមួយសម្រាប់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ទៅកាន់សហរដ្ឋអាមេរិក មុនពាក់កណ្តាលខែកុម្ភៈ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។

ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូល ជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តដ៏សំខាន់បំផុត របស់ប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសលោក Takeshi Iwaya បានឲ្យដឹងនៅថ្ងៃដដែលនោះថា លោកនឹងចូលរួមពិធីសម្ពោធ ចូលកាន់តំណែង របស់លោក ត្រាំ នៅថ្ងៃទី២០ ខែមករា ហើយស្វែងយល់ពីកិច្ចប្រជុំជាមួយព្រឹទ្ធសភា Marco Rubio ដែលត្រូវបានតែងតាំង សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក និងកំពុងរង់ចាំការបញ្ជាក់របស់ព្រឹទ្ធសភា។

លោក Iwaya បានឲ្យដឹងនៅលើទូរទស្សន៍ NHK ថា “យើងចង់បង្កើតទំនាក់ទំនងនៃការជឿទុកចិត្តជាមុន” ជាមួយរដ្ឋបាលលោក ត្រាំ ។ វាកម្រណាស់ សម្រាប់ប្រទេសជប៉ុន ក្នុងការបញ្ជូនរដ្ឋមន្ត្រីការបរទេស របស់ខ្លួនទៅចូលរួម ពិធីសម្ពោធប្រធានាធិបតីអាមេរិក ខណៈដែលប្រទេសនេះ ជាធម្មតាត្រូវបានតំណាងដោយ ឯកអគ្គរដ្ឋទូត របស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន។

ប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ដែលរួមគ្នាបង្កើត ក្រុមមួយហៅថា Quad កំពុងរៀបចំឱ្យមាន កិច្ចប្រជុំអ្នកការទូតកំពូលរបស់ពួកគេនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២១ ខែមករា នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។

លោក Ishiba បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍ ដាច់ដោយឡែកមួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមថា នឹងជួបលោក ត្រាំ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងនៅពេលវេលាសមស្រប” ។ នាយករដ្ឋមន្ត្រីជប៉ុន ដែលចូលកាន់តំណែងក្នុងខែតុលា ដំបូងឡើយបានពិចារណា ជួបលោក ដូណាល់ ត្រាំ នៅពាក់កណ្តាល ខែមករា មុនពេលអាណត្តិទីពីរ របស់លោកចាប់ផ្តើម ដែលលោក ត្រាំ នឹងបន្តតំណែងប្រធានាធិបតីលោក ចូ បៃដិន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top