ព័ត៌មានអន្តរជាតិ

អ្នកព្យាករណ៍អាមេរិក ព្រមានអំពីលក្ខខណ្ឌខ្យល់បក់ខ្លាំងជាថ្មី ដែលអាចបង្កឱ្យមាន ការកើនឡើងនៃភ្លើងឆេះ

AFP

បរទេស៖ អ្នកពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូងនៅថ្ងៃច័ន្ទ គឺបានប្រយុទ្ធដើម្បីនាំយកភ្លើងឆេះព្រៃនៅតំបន់ Los Angeles ធំៗជាច្រើនឱ្យស្ថិតក្រោមការគ្រប់គ្រង ខណៈដែលអ្នកព្យាករណ៍បានព្រមាន អំពីខ្យល់បក់ខ្លាំងជាថ្មីដែលអាចបង្កឱ្យមាន “ការកើនឡើងនៃភ្លើងឆេះ”។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សេវាអាកាសធាតុជាតិបានព្រមានថា ការគម្រាមកំហែងពីខ្យល់បក់ថ្មី ជាមួយនឹងក្តីបារម្ភដ៏ធំបំផុត ដែលអូសបន្លាយពីចុងថ្ងៃច័ន្ទ ដល់ព្រឹកថ្ងៃពុធ ត្រូវបានគេរំពឹងថា នឹងនាំមកនូវខ្យល់បក់បោកក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់រហូតដល់ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នកព្យាករណ៍បានហៅវាថាជា “ស្ថានភាពគ្រោះថ្នាក់ជាពិសេស” ហើយបានកំណត់វាថាជាការព្រមានទង់ក្រហម។

ខ្យល់បក់បោកខ្លាំង និងស្ថានភាពស្ងួតនៅក្នុងតំបន់ ដែលមិនបានទទួលភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាង ៨ ខែ កាន់តែអំណោយផលសម្រាប់ភ្លើង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់រួចមកហើយ និងបណ្តាលឱ្យខូចខាតគិតជាទឹកប្រាក់ រាប់ពាន់លានដុល្លារចាប់តាំងពី បានចាប់ផ្តើមមួយសប្តាហ៍មុន។

ការ​ជួយ​សង្គ្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​បាន​ជួយ​ដោយ​ការទម្លាក់ទឹក និង​សារធាតុ​ទប់ស្កាត់​ភ្លើង​ដើម្បី​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ខ្លះ​ក្នុង​ការ​គ្រប់គ្រង​អគ្គិភ័យ​។

ក្នុងចំណោមភ្លើងធំៗទាំងបី ដែលនៅតែឆេះនៅក្នុងតំបន់ Los Angeles , ក្រសួងព្រៃឈើ និងការពារអគ្គីភ័យនៃរដ្ឋកាលីហ្វ័រញ៉ា ឬ Cal Fire បាននិយាយកាលពីថ្ងៃច័ន្ទថា ភ្លើង Palisades មាន ១៤ភាគរយ ហើយបានឆេះផ្ទៃដីអស់ ៩៦ គីឡូម៉ែត្រការ៉េ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top