បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានស្វាគមន៍គំនិត នៃកិច្ចជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថា វាអាចជួយដោះស្រាយជម្លោះអ៊ុយក្រែនបាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Scholz បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃសៅរ៍ខណៈពេលលោកបាននិយាយទៅកាន់សារព័ត៌មាន ARD ។ ជំនួប Trump-Putin អាចជួយចាប់ផ្តើម “ការចរចាដែលអាចធ្វើទៅបាន” លើជម្លោះអ៊ុយក្រែន ហើយទីបំផុត “បញ្ឈប់ការសម្លាប់” ។
លោក Scholz បាននិយាយថា “នៅក្នុងន័យនេះ វាមិនមែនជាព័ត៌មានអាក្រក់ទេ ប្រសិនបើប្រធានាធិបតីអាមេរិក [ជាប់ឆ្នោត] និងប្រធានាធិបតីរុស្ស៊ី ចង់ជួបពិភាក្សាគ្នា” ។
មុននេះ លោក ដូណាល់ ត្រាំ បានប្រកាសថា ជំនួបជាមួយលោក ពូទីន កំពុងត្រូវបានបង្កើតឡើង ដែលជាសញ្ញាថា វាទំនងជានឹងធ្វើឡើង បន្ទាប់ពីលោកចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី ២០ ខែមករា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ទីក្រុងមូស្គូបានបញ្ជាក់ថា ទាំងលោកពូទីន និងលោក ដូណាល់ ត្រាំ បានបង្ហាញពីការត្រៀមខ្លួនក្នុងការទាក់ទង ។ លោក Dmitry Peskov បាននិយាយថា ទោះជាយ៉ាងណា នៅមិនទាន់មានព័ត៌មាន ជាក់លាក់ថាតើជំនួបនេះនឹងប្រព្រឹត្តទៅនៅពេលណា និងនៅទីណានោះទេ ។
លោក Peskov បាននិយាយ នៅដើមសប្តាហ៍នេះថា “ប្រធានាធិបតីពូទីន បាននិយាយម្តងហើយម្តងទៀត អំពីការបើកចំហរបស់លោក ចំពោះការទំនាក់ទំនងជាមួយមេដឹកនាំអន្តរជាតិរួម ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក និងជាពិសេសលោក ដូណាល់ ត្រាំ” ៕
ប្រែសម្រួលៈ ណៃ តុលា