សេអ៊ូល ៖ ប្រធានាធិបតីស្តីទី កូរ៉េត្បូងលោក Choi Sang-mok បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ ទីពីរត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ យ៉ាងសំខាន់ លើសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយជំរុញឱ្យមានការសម្របសម្រួលគ្នា ក្នុងចំណោមភាគីពាក់ព័ន្ធ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក នឹងចូលកាន់តំណែងសម្រាប់អាណត្តិប្រធានាធិបតីទីពីររបស់គាត់នៅថ្ងៃទី ២០ ខែមករា ដោយបង្កើនការព្រួយបារម្ភ អំពីការកើនឡើងនៃការរំពឹងទុកនៃការការពារនិយមជាសកល និងឥទ្ធិពលរបស់ប្រទេសនេះ ទៅលើសេដ្ឋកិច្ចដែលពឹងផ្អែក លើការនាំចេញរបស់ប្រទេស។
លោក Choi បាននិយាយក្នុងអំឡុង កិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ទាក់ទងនឹងសេដ្ឋកិច្ចថា “ជាមួយនឹងការសម្ពោធរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ត្រឹមតែមួយសប្តាហ៍ទៀត ការអនុវត្តគោលនយោបាយយ៉ាងឆាប់រហ័ស អាចមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់យើង” ។ ប្រធានាធិបតីស្តីទីរូបនេះ ក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងចំណោមរដ្ឋាភិបាល ធុរកិច្ច និងអង្គការពាក់ព័ន្ធសេដ្ឋកិច្ចផ្សេងទៀត។
លើសពីនេះ លោក បានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភា ដោយមើលឃើញពីភាពចលាចល នយោបាយ ដែលកំពុងបន្តកើតចេញ ពីការដាក់ច្បាប់អាជ្ញាសឹកយ៉ាងខ្លីរបស់លោកប្រធានាធិបតីលោក Yoon Suk Yeol កាលពីថ្ងៃទី ០៣ ខែធ្នូ និងការចោទប្រកាន់ ជាបន្តបន្ទាប់របស់លោក ៕
ប្រែសម្រួល ឈូក បូរ៉ា