“ការដំឡើងពន្ធគយ នឹងដំឡើងថ្លៃទំនិញ និងធ្វើឱ្យអតិផរណា មានសភាពកាន់តែធ្ងន់ធ្ងរ” “នេះគ្មានអំណោយផល ដល់កម្មករទាំងឡាយ និងផលប្រយោជន៍ យូរអង្វែង របស់សហរដ្ឋអាមេរិកឡើយ” ។ ល ។ ស្របពេលដែលរដ្ឋាភិបាលអាមេរិក អាណត្តិថ្មី ជិតចូលកាន់តំណែង ក្ដីព្រួយបារម្ភក្នុងស្រុក របស់សហរដ្ឋអាមេរិក ចំពោះទង្វើដែលរដ្ឋាភិបាលអាមេរិក នឹងបំផុសសង្គ្រាមពន្ធគយជុំថ្មី ក៏កាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ ២០១៨ លោកត្រាំ ប្រធានាធិបតីអាមេរិក នៅពេលនោះបានប្រកាសដំឡើងពន្ធគយ ក្នុងទ្រង់ទ្រាយធំ ចំពោះផលិតផល ដែលនាំចូលពីប្រទេសចិន នេះបានបង្កឱ្យមានវិវាទ ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាមេរិក ។ ចាប់តាំងពីឆ្នាំ ២០២១ មក រដ្ឋាភិបាលលោក ចូ បៃដិន បានបន្តអនុវត្តវិធានការដំឡើង ពន្ធគយនេះដដែល ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ លោកត្រាំ ប្រធានាធិបតីអាមេរិក ដែលត្រៀមចូលកាន់តំណែង បានអះអាងថា លោកនឹងចុះហត្ថលេខាលើ បទបញ្ជារដ្ឋបាល ដើម្បីហូតពន្ធគយបន្ថែម ១០ ភាគរយ ចំពោះផលិតផល ដែលនាំចូលពីប្រទេសចិន នៅថ្ងៃដំបូងចូល កាន់តំណែងជាផ្លូវការ ។ ការពិតជាក់ស្តែងក្នុង រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះបានបញ្ជាក់ថា ការធ្វើសង្គ្រាមពន្ធគយ ទៅលើប្រទេស ចិន បានបំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផង និងខ្លួនឯងផង ហើយអ្នកដែលត្រូវរងគ្រោះនោះគឺ ប្រជាជននិងសហគ្រាសអាមេរិក ។
ការស្ទង់មតិរបស់សាកលវិទ្យាល័យឈីកាហ្គោអាមេរិក នាពេលថ្មីៗ កន្លងទៅនេះបានបង្ហាញថា សេដ្ឋវិទូចំនួន ៩៨ ភាគរយសម្គាល់ឃើញថា ពន្ធគយកាន់តែខ្ពស់ មានតែនឹងធ្វើឱ្យអ្នកប្រើប្រាស់ អាមេរិកបង់តម្លៃកាន់តែច្រើន ។ តាមការគណនា របស់ក្រុមហ៊ុន Moody ឱ្យដឹងថា អ្នកប្រើប្រាស់អាមេរិក បានទទួលរ៉ាប់រ៉ងថ្លៃដើមចំនួន ៩២ ភាគរយ នៃការដំឡើងពន្ធគយលើផលិតផលចិន ហើយគ្រួសាររបស់អាមេរិកនឹងបន្ថែមចំណាយ ១៣០០ ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ។ យោងតាមស្ថិតិ នៃមូលនិធិពន្ធដារ អាមេរិកឱ្យដឹងទៀតថា ការដំឡើងពន្ធគយលើផលិតផលចិន មិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱកាសការងាររបស់កម្មករអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាល ឱ្យអាមេរិកបាត់បង់ឱកាសការងារចំនួន ១៤ ម៉ឺន ២ ពាន់ផងដែរ ។
គោលបំណងមួយទៀតនៃការដំឡើងពន្ធគយ របស់សហរដ្ឋអាមេរិក គឺ ដើម្បីជំរុញឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរកអាមេរិកវិញ ប៉ុន្តែវាទទួលលទ្ធផលផ្ទុយទៅវិញ ។ ប្រព័ន្ធសារព័ត៌មាន អាមេរិកដូចជាទស្សនាវដ្តី«News Week»ជាដើមយល់ឃើញថា ការដំឡើងពន្ធគយ លើផលិតផលចិនមិនអាចស្តារ ឧស្សាហកម្មកម្មន្តសាលរបស់សហរដ្ឋអាមេរិក ឡើងវិញបានទេ ផ្ទុយទៅវិញវាបែរជានឹងរាំងស្ទះដល់”ការស្តារ ផលិតកម្មរបស់អាមេរិក” ។ ចំណែកឯការដែលសហរដ្ឋអាមេរិកចង់ យកបញ្ហាពន្ធគយធ្វើជាលេស ដើម្បីកែលម្អអតុល្យភាព ខាងពាណិជ្ជកម្ម វាក៏ត្រូវបានបញ្ជាក់ថា គឺផ្ទុយពីគោលបំណងដើមដែរ ។ ទោះបីជាការដំឡើងពន្ធគយខ្ពស់ អាចកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ប៉ុន្តែឱនភាពពាណិជ្ជកម្មជាទូទៅរបស់ខ្លួនបានកើនឡើងជាបន្តបន្ទាប់ ។ ឱនភាពពាណិជ្ជកម្មជាមួយបរទេស របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ បានឡើងដល់ ៩៥១,២ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រា ។ សេដ្ឋវិទូមួយចំនួនបានវិភាគថា អ្វីដែលសង្គ្រាមពន្ធគយបាននាំមកគឺ ប្រហែលជាធ្វើឱ្យបញ្ហាអតុល្យភាពខាងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកមានភាពកាន់តែធ្ងន់ធ្ងរថែមទៀត ។
សហរដ្ឋអាមេរិកបានប៉ុនប៉ង យកបញ្ហាពន្ធគយធ្វើជាថ្នូរនយោបាយ ប៉ុន្តែការធ្វើសង្រ្គាមពន្ធគយមិនអាចទប់ស្កាត់ការអភិវឌ្ឍរបស់ចិនបានឡើយ ។ តាមទិន្នន័យដែលចេញផ្សាយដោយ រដ្ឋាភិបាលចិននៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ បានបង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្ម ទំនិញរបស់ចិនក្នុងឆ្នាំ ២០២៤ បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ដែលបានរក្សាឋានៈជាប្រទេសធំបំផុត ខាងពាណិជ្ជកម្មទំនិញ លើទូទាំងពិភពលោក ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ។
ដូចគ្នានេះដែរ ការធ្វើសង្រ្គាមពន្ធគយក៏មិនអាចរារាំងនិន្នាការធ្វើការវិនិយោគនៅប្រទេសចិនរបស់សហគ្រាសអាមេរិកបានដែរ ។ បច្ចុប្បន្ននេះ សហគ្រាសដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិនមានចំនួនលើសពី ៧ ម៉ឺន ៣ ពាន់កន្លែង ទំហំវិនិយោគសរុបមានចំនួនលើសពី ១,២ ទ្រីលានដុល្លារអាមេរិក ។ ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅ ក្រុមហ៊ុន McDonald’s បានបើកសាខាថ្មីចំនួនច្រើនបំផុត នៅក្នុងប្រទេសចិន ដែលប្រហែល ត្រូវជា ៦០ ភាគរយនៃពិភពលោកទាំងមូល ក្រុមហ៊ុន Starbucks បានបើកហាងនៅទីក្រុងសៀងហៃ លើសពី ១០០០កន្លែង បរិមាណលក់ រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងគំហក បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ល។
ការពិតជាក់ស្តែងបានបញ្ជាក់ម្តង ហើយម្តងទៀតថា ភាពជោគជ័យរៀងៗ ខ្លួនរបស់ចិននិងអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ហើយមិនមែនជាបញ្ហាប្រឈមនោះទេ ។ ភពផែនដីដ៏ធំល្វឹងល្វើយ អាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ ។ ចំណែកឯការធ្វើសង្គ្រាមពន្ធគយឬ សង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះឡើយ ។ ភាគីចិនរំពឹងថា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីនឹង គិតពិចារណាឱ្យបានហ្មត់ចត់និងធ្វើសេចក្តីសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយអាចដើរស្របតាមទិសដៅ តែមួយជាមួយប្រទេសចិន ក៏ដូចជាត្រឡប់ទៅរកផ្លូវត្រឹមត្រូវ នៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញ ទៅមកនិងឈ្នះ-ឈ្នះដើម្បីផ្តល់ផល ប្រយោជន៍ដល់ភាគីទាំងសង្ខាងនិងពិភពលោក ៕