យេរ៉ូសាឡឹម៖ កាលពីថ្ងៃចន្ទ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ទោះបីជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានធ្វើឲ្យកក្រើកទឹកដីប៉ាឡេស្ទីនក្តី ។
គិតចាប់តាំងពីដើមខែមករាមក អ្នកសម្រុះសម្រួលអន្តរជាតិ ដែលមានប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់បទឈប់បាញ់គ្នានៅហ្គាហ្សា ដែលនឹងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំខ្លួននៅទីនោះ ។
លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាលាលែងពីមុខតំណែងនៅឯក្រសួងការបរទេសថា “នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ពួកយើងស្ថិតចុងបញ្ចប់ នៃសំណើដែលខ្ញុំបានដាក់ចេញ យ៉ាងលម្អិតកាលពីខែមុន ទីបំផុតបានសម្រេចហើយ” ។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន បានលើកឡើងឲ្យដឹងកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា អាចនឹងត្រូវបានបញ្ចប់ ក្នុងសប្តាហ៍នេះ ។
លោក Sullivan បានប្រាប់ដល់អ្នកយកព័ត៌មានថា “ខ្ញុំមិនធ្វើការសន្យា ឬការព្យាករណ៍អ្វីនោះទេ ប៉ុន្តែវាគឺនៅទីនោះសម្រាប់ការទទួលយក ហើយយើងនឹង ធ្វើការដើម្បីឱ្យវាកើតឡើង” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា