ព័ត៌មានអន្តរជាតិ

ប្លុកអង្គការណាតូ រៀបចំចំណាត់ការ ដើម្បីកិច្ចការងារឃ្លាំមើល តំបន់សមុទ្រប៉ាល់ទិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អង្គការ NATO បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើនវត្តមាន នៅសមុទ្រ បាល់ទិករបស់ខ្លួន ដោយចាប់ផ្តើម បេសកកម្មថ្មីមួយ ក្រោមមូលហេតុជាការការពារ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមបាតសមុទ្រ បន្ទាប់ពីមានការរំខានជាច្រើន និងការខូចខាតដល់ខ្សែ ដែលដំណើរការរវាងប្រទេសជាសមាជិកប្លុក។

កន្លងមកប្រទេសរុស្ស៊ី តែងតែចាត់ទុកនិង​យល់​ឃើញថា ​សមុទ្រ​បាល់ទិក​ជា​តំបន់​យុទ្ធសាស្ត្រ​ សម្រាប់​ប្រតិបត្តិការ​ទ័ព​ជើងទឹក និង​ការ​នាំ​ចេញ​ ថាមពលដ៏សំខាន់បំផុត។

ប្រតិបត្តិការ ដែលត្រូវបានហៅឈ្មោះថាBaltic Sentry ពីសំណាក់អគ្គលេខាធិការ នៃប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Mark Rutte បានបង្ហាញថា វត្តមាននឹងមានការចូលរួមពីនាវាចម្បាំង យន្តហោះល្បាតដែនសមុទ្រ និង កងនាវាតូចមួយ នៃយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានគេរំពឹងថា នឹងផ្តល់ការបង្កើនការឃ្លាំមើល និងការទប់ស្កាត់ការបង្កហេតុនានា។

គួរឲ្យដឹងដែរថាឧប្បត្តិហេតុ មួយចំនួនត្រូវបានគេជឿជាក់ថា មានការ​ពាក់ព័ន្ធ​នឹង​កប៉ាល់​ចិន​ឈ្មោះ Yi Peng 3 ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​អូស​យុថ្កា​និង​កាត់​ខ្សែ​នៅ​បាតសមុទ្រ ។
ក្រុមអ្នកស៊ើបអង្កេត របស់សហភាពអឺរ៉ុប​ ត្រូវបានអនុញ្ញាត ឱ្យឡើងលើនាវានេះ ហើយប្រទេសចិនបាននិយាយថា ខ្លួននឹងសហការជាមួយ នឹងការស៊ើបអង្កេត ដែលកំពុងបន្តនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top