ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានឃុំខ្លួនពេញមួយយប់ នៅមជ្ឈមណ្ឌលឃុំឃាំង បន្ទាប់ពីការសាកសួរជាង ១០ ម៉ោងនៅការិយាល័យ CIO

Yonhap News

បរទេស៖ ក្រុមអ្នកស៊ើបអង្កេតគ្រោងនឹងចាប់ផ្តើមថ្ងៃទីពីរនៃការសាកសួរ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅម៉ោង២ រសៀល។ នេះបើតាមទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយថា ការសាកសួរត្រូវបានកំណត់ពេលពីព្រឹកដល់រសៀល បន្ទាប់ពីលោក Yoon បានស្នើសុំពន្យារពេលដោយលើកឡើងពីហេតុផលសុខភាព។

យ៉ាងណាក៏ដោយ មេធាវីរបស់លោក Yoon គឺលោក Yun Gap-geun បាននិយាយថា លោកប្រធានាធិបតីនឹងមិនឆ្លងកាត់ការសាកសួរបន្ថែមទៀតទេ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “លោកប្រធានាធិបតី Yoon មិនស្រួលខ្លួននោះទេ ហើយបានពន្យល់យ៉ាងពេញលេញអំពីជំហររបស់លោកកាលពីម្សិលមិញ ដូច្នេះមិនមានអ្វីត្រូវសួរចម្លើយទៀតទេ” ។

លោក Yoon បានចំណាយពេលយប់ថ្ងៃពុធនៅឯមជ្ឈមណ្ឌលឃុំឃាំងមួយបន្ទាប់ពីការសាកសួរជាង ១០ ម៉ោងនៅការិយាល័យ CIO នៅ Gwacheon ភាគខាងត្បូងនៃទីក្រុងសេអ៊ូលបន្ទាប់ពីត្រូវបានឃុំខ្លួននៅឯគេហដ្ឋានរបស់គាត់ហើយបាននាំយកទៅទីនោះនៅថ្ងៃដដែល។

លោកប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ និងរំលោភអំណាច ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ។ CIO បាននិយាយថា លោក Yoon បដិសេធមិនឆ្លើយសំណួរណាមួយនោះទេ កាលពីថ្ងៃពុធ។

មេធាវីរបស់ Yoon បានដាក់ឯកសារដាច់ដោយឡែកសម្រាប់ការពិនិត្យលើភាពស្របច្បាប់នៃដីកាដែលចេញដើម្បីឃុំខ្លួនលោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top