បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រដ្ឋបាលដែលចាកចេញ របស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងប្រឹងប្រែងបង្កើតបញ្ហាយ៉ាងច្រើន សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump មុនពេលគាត់ចូលសេតវិមាននាពេលខាងមុខនេះ។
លោក Lavrov បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ នៅពេលត្រូវបានសួរអំពីការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងឧស្សាហកម្មថាមពលរុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីសប្តាហ៍មុន។
ការដាក់ទណ្ឌកម្មថ្មីនេះគឺ ផ្តោតលើក្រុមហ៊ុនផលិតប្រេងសំខាន់ៗចំនួនពីរគឺ Gazprom Neft និង Surgutneftegaz ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ រួមទាំង Naftna industrija Srbije (NIS) ដែលគ្រប់គ្រងការដឹកជញ្ជូនប្រេង របស់រុស្ស៊ីទៅកាន់ប្រទេសស៊ែប៊ី និងប្រទេសនៅអឺរ៉ុបជិតខាង។
ដោយឡែកសម្រាប់ក្រុមហ៊ុន អ្នកផ្តល់សេវាធានារ៉ាប់រងដែលពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនផ្តល់សេវា អណ្តូងប្រេងជាង ៣០និងជាង១៨០ នាវាដែលប្រើដើម្បីចែកចាយប្រេងរបស់រុស្ស៊ី ក៏ត្រូវបានដាក់ទណ្ឌកម្មជាមួយគ្នានេះផងដែរ។
យោងតាមរដ្ឋមន្ត្រីការបរទេសរុស្សី រូបនេះមានន័យថា ចំណាត់ការរបស់រដ្ឋបាលលោក Biden ក្នុងពេលដំណាលគ្នាផ្តោតលើប្រទេសស៊ែប៊ី រុស្ស៊ី និងលោក Trump ដែលបានបង្ហាញពីការត្រៀមខ្លួន ក្នុងការបន្តកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ ការទូតចំពោះជម្លោះអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី