បរទេស៖ អ្នកស្រុករាប់សិបលាននាក់ នៅតាមបណ្តោយឆ្នេរ East Coast កំពុងទប់ទល់នឹងព្រិលធ្លាក់កម្រាស់ជាច្រើនអ៊ីញ នៅថ្ងៃអាទិត្យ ក្រោយពីសីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់ ដែលនឹងគ្របដណ្តប់ភាគច្រើន ពីតំបន់ទំនាបភាគខាងជើងរហូតដល់រដ្ឋ Maine របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមានអំពីព្យុះរដូវរងាដែលចេញ ដោយសេវាកម្មអាកាសធាតុជាតិ បានចូលជាធរមានរួចហើយសម្រាប់ផ្នែកខ្លះនៃតំបន់ Mid-Atlantic រហូតដល់ព្រឹកថ្ងៃចន្ទ ដោយមានការព្យាករណ៍ថា នឹងមានព្រិលធ្លាក់ដល់ទៅ១៥ សង់ទីម៉ែត្រ។ ការព្រមាននឹងចាប់ផ្តើមនៅតំបន់ New England នៅរសៀលថ្ងៃអាទិត្យ ដោយផ្នែកខ្លះនៃរដ្ឋ Massachusetts រដ្ឋ New Hampshire រដ្ឋ Maine និង Connecticut អាចនឹងធ្លាក់ព្រិល ២៥ សង់ទីម៉ែត្រ ។
លោក Marc Chenard អ្នកឧតុនិយមនៃសេវាកម្មអាកាសធាតុជាតិ នៅមហាវិទ្យាល័យ Park Maryland បានព្យាករណ៍ថាប្រជាជនរហូតដល់ ៧០ លាននាក់នឹងស្ថិតនៅក្រោមការព្រមាន អំពីព្យុះរដូវរងាមួយចំនួន នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះរួមទាំងនៅ New England និង Mid-Atlantic ។ ទីក្រុងធំៗដូចជា Philadelphia, New York និង Boston អាចមើលឃើញព្រិលធ្លាក់ជាច្រើនអ៊ីញ ជាមួយនឹងចំនួនសរុបខ្ពស់បំផុត ដែលកកកុញនៅខាងក្រៅទីក្រុងធំៗ ៕
ប្រែសម្រួលៈ ណៃ តុលា