បរទេស៖ កៅអីផ្តាច់មុខបំផុតមួយចំនួន នៅក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតី Donald Trump នៅថ្ងៃច័ន្ទត្រូវបានបម្រុងទុក សម្រាប់នាយកប្រតិបត្តិ ផ្នែកបច្ចេកវិទ្យា ដ៏មានអំណាច ដែលបានក្លាយជាបុរស មានបំផុតនៅលើ ពិភពលោកផងដែរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នោះគឺជាការផ្លាស់ប្តូរពីប្រពៃណី ជាពិសេសសម្រាប់ប្រធានាធិបតី ដែលបានចាត់ទុកខ្លួនលោកជាម្ចាស់ជើងឯកនៃវណ្ណៈកម្មករ។ កៅអីដែលនៅជិតប្រធានាធិបតី ជាធម្មតាត្រូវបានបម្រុងទុក សម្រាប់ក្រុមគ្រួសាររបស់ប្រធានាធិបតី ប្រធានាធិបតីពីមុន និងភ្ញៀវកិត្តិយសផ្សេងទៀត។
រូបថតបង្ហាញពីនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដែលរួមបញ្ចូលគ្នា ជាមួយនឹងការជ្រើសរើសជាច្រើនរបស់ Trump សម្រាប់គណៈរដ្ឋមន្ត្រី រួមទាំង លោកមRobert F. Kennedy Jr. ជារដ្ឋមន្ដ្រីសុខាភិបាល និង Marco Rubio ជារដ្ឋមន្រ្តីការបរទេស។
នៅក្នុងរូបភាពមួយ Rubio សម្លឹងមើលពីផ្ទៃខាងក្រោយ ដោយប្រឈមមុខនឹងក្រុមមេដឹកនាំដែលមានបំផុតនៃបច្ចេកវិទ្យា។ នាយកប្រតិបត្តិ Meta ឬ ហ្វេសប៊ុក លោក Mark Zuckerberg និងភរិយាគឺ Priscilla Chan ឈរក្បែរនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos និងគូដណ្តឹងរបស់គាត់គឺ Lauren Sánchez រួមជាមួយនាយកប្រតិបត្តិ Google លោក Sundar Pichai និង Elon Musk ដែលជាទីប្រឹក្សាជិតស្និទ្ធបំផុតម្នាក់របស់លោក Trump ។ មហាសេដ្ឋីពិភពលោក Musk ក៏ដំណើរការក្រុមហ៊ុន Tesla, SpaceX និងវេទិកាសង្គម X ផងដែរ។
នៅវិមានឯកាពីតូលសម្រាប់ព្រឹត្តិការណ៍ប្រចាំថ្ងៃក៏មាននាយកប្រតិបត្តិ Apple លោក Tim Cook និងនាយកប្រតិបត្តិ TikTok លោក Shou Zi Chew ផងដែរ។
មហាសេដ្ឋីមានតួនាទីលេចធ្លោ ក្នុងនយោបាយជាតិ ជាយូរយារណាស់មកហើយ ហើយមហាសេដ្ឋីជាច្រើន បានជួយដាក់ប្រាក់ក្នុងយុទ្ធនាការ របស់គូប្រជែងប្រជាធិបតេយ្យរបស់លោក Trump គឺអនុប្រធានាធិបតី Kamala Harris ។ ថ្មីៗនេះ លោក Biden បានផ្តល់មេដាយសេរីភាព ប្រធានាធិបតី ដល់លោក George Soros ដែលជាមហាសេដ្ឋីផ្តល់ជំនួយ ដល់បុព្វហេតុសេរីភាព៕
ប្រែសម្រួលៈ ណៃ តុលា