បរទេស៖ លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានសម្ពោធចូលកាន់ តំណែងជាថ្មីម្តងទៀត កាលពីថ្ងៃចន្ទក្នុងនាមជាប្រធានាធិបតី សហរដ្ឋអាមេរិកទី ៤៧ ហើយ ដោយអំពាវនាវឱ្យមាន “បដិវត្តន៍នៃសុភវិនិច្ឆ័យ” និងបានប្តេជ្ញាថា នឹងបញ្ជាឱ្យមានការផ្លាស់ប្តូរគោលនយោបាយ យ៉ាងឆាប់រហ័សរួមទាំងការនិរទេសជន ចំណាកស្រុកដែលមិនមាន ឯកសាររាប់លាននាក់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ត្រឡប់ទៅប្រទេស កំណើតរបស់ពួកគេវិញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រកាសនៅក្នុង សុន្ទរកថាបើកសម្ពោធចូលកាន់តំណែង រយៈពេលកន្លះម៉ោងរបស់លោកថា “យុគមាសរបស់ អាមេរិកចាប់ផ្តើមនៅពេលនេះ” ។ “ចាប់ពីពេលនេះតទៅ ការធ្លាក់ចុះរបស់អាមេរិកគឺចប់ហើយ ។ យើងនឹងនាំអាមេរិកទៅកាន់កម្ពស់ថ្មីនៃការទទួលបានជ័យជម្នះ និងជោគជ័យ។ គ្មានក្តីសុបិនណាដែលយើង មិនអាចសម្រេចបានឡើយ, យើងនឹងមិនបែកបាក់ឡើយ។ យើងនឹងមិនបរាជ័យឡើយ។
លោក Trump បានប្រាប់អ្នកគាំទ្រប្រហែល ៦០០ នាក់នៅ Rotunda នៃវិមាន Capitol របស់សហរដ្ឋអាមេរិក និងរាប់លាននាក់ដែលកំពុងមើលទូរទស្សន៍នៅទូទាំងប្រទេសថា “ខ្ញុំត្រលប់ទៅកាន់តំណែងប្រធានាធិបតីវិញដោយទំនុកចិត្ត និងសុទិដ្ឋិនិយមថា យើងកំពុងចាប់ផ្តើមយុគសម័យថ្មី ដ៏គួរឱ្យរំភើបនៃភាពជោគជ័យរបស់ជាតិ។ ជំនោរនៃការផ្លាស់ប្តូរ កំពុងវាយលុកប្រទេសនេះ” ។
លោកបាននិយាយទៀតថា “សាររបស់ខ្ញុំទៅកាន់ប្រជាជន អាមេរិក នៅថ្ងៃនេះ គឺវាដល់ពេលដែលយើងត្រូវធ្វើសកម្មភាព ម្តងទៀត ដោយភាពក្លាហាន ភាពស្វាហាប់ និង ភាពរឹងមាំនៃអរិយធម៌ ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
