បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី ដែលទើបតែតែងតាំងលោក Marco Rubio បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump នឹងចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់អ៊ុយក្រែន ភ្លាមៗ ដើម្បីអាចបញ្ចប់ជម្លោះយោធាដ៏ធំមួយនេះ។
លោកRubio គឺជាសមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ដំបូងគេនៃរដ្ឋបាល Trump ថ្មីដែលត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភា កាលពីថ្ងៃចន្ទបន្ទាប់ពីការចូលកាន់តំណែង របស់លោក Donald Trump ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗនោះ Rubio បាននិយាយថា អ៊ុយក្រែននឹងក្លាយជា ការងារអាទិភាពនិងកំពូល សម្រាប់លោក Trump ហើយថាកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់នឹងចាប់ផ្តើមភ្លាមៗ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ សម្រាប់ការបញ្ចប់ជម្លោះជាមួយរុស្ស៊ីនោះទេ។
លោកRubio បាននិយាយទៀតថា ការងារមូលដ្ឋានមួយចំនួនត្រូវបានដាក់រួចហើយ ដោយបន្ថែមថាវានឹងជាដំណើរការ ដ៏ស្មុគស្មាញមួយដោយក្នុងនោះផងដែរទូរទស្សន៍ CNN បានដកស្រង់សម្ដីគាត់ថា៖ខ្ញុំមានន័យថា វាជាជម្លោះដ៏ស្មុគស្មាញ និងបង្ហូរឈាម ហើយវាត្រូវតែបញ្ចប់ភ្លាមៗ។
ក្នុងនោះផងដែរលោកRubio ក៏បានទទូចដែរថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវយល់ព្រមអ្វីមួយ ជាផ្នែកនៃកិច្ចព្រមព្រៀង ប៉ុន្តែគាត់មិនបានបញ្ជាក់លម្អិតអំពីអ្វីដែល សម្បទានទាំងនេះអាចជាអ្វីខ្លះនោះឡើយ៕
ប្រែសម្រួល៖ ស៊ុន លី