បរទេស៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Mulino បាននិយាយកាលពីថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីលោក Trump បានស្បថចូលកាន់តំណែងថា ប៉ាណាម៉ានឹងទប់ទល់ នឹងការប៉ុនប៉ងរបស់ប្រធានាធិបតី អាមេរិក Donald Trump ក្នុងការដណ្តើមយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Mulino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំត្រូវតែបដិសេធដោយអស់ពីចិត្តចំពោះការលើកឡើង របស់ប្រធានាធិបតី Donald Trump បានធ្វើនៅក្នុងសុន្ទរកថាស្បថ ចូលកាន់តំណែងរបស់លោកទាក់ទង នឹងប៉ាណាម៉ា និងព្រែកជីក” ។
ប្រធានាធិបតីប៉ាណាម៉ា លោក Jose Mulino បាននិយាយថា “ការគ្រប់គ្រងព្រែកជីកនឹងនៅតែ ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាណាម៉ា ដោយគោរពអព្យាក្រឹតភាព អចិន្ត្រៃយ៍របស់ខ្លួន” លោកប្រធានាធិបតីបានបន្ថែមថា “គ្មានប្រទេសណាមួយ នៅក្នុងពិភពលោក” ជ្រៀតជ្រែកក្នុងការគ្រប់គ្រង ព្រែកជីកនោះទេ។
លោក Mulino បានអះអាងថា សហរដ្ឋអាមេរិកបានប្រគល់ការគ្រប់គ្រងព្រែកទៅឱ្យប្រទេសប៉ាណាម៉ាក្នុងឆ្នាំ ១៩៩៩ “ជាលទ្ធផលនៃការតស៊ូជំនាន់មួយ” ។ លោកបានប្តេជ្ញាបន្តជួយសម្រួលពាណិជ្ជកម្មអន្តរជាតិតាមរយៈផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ លោកបានថ្លែងថា៖ «យើងនឹងប្រើសិទ្ធិការពារខ្លួនយើង។
សូមជម្រាបថា លោក Trump បានអះអាងម្តង ហើយម្តងទៀតថា សហរដ្ឋអាមេរិកគួរតែបង្កើតការគ្រប់គ្រងព្រែកជីកឡើងវិញ ដើម្បីទប់ស្កាត់ឥទ្ធិពល របស់ចិននៅក្នុងតំបន់ ។ លោកក៏បានអះអាងដែរថា ប៉ាណាម៉ាបានយកថ្លៃលើសលើកប៉ាល់អាមេរិកដែលធ្វើដំណើរតាមផ្លូវទឹកនេះ ហើយក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្បថចូលកាន់តំណែង លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវយក [ព្រែកជីក] មកវិញ»៕
ប្រែសម្រួលៈ ណៃ តុលា