បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកកំពុងធ្វើការលើផែនការមួយដើម្បីរក្សាទុកកម្មវិធីទូរស័ព្ទ TikTok ហើយអាចនឹងសម្រេចចិត្ត លើអនាគត របស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃខាងមុខ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក Trump បាននិយាយថាមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្មវិធីនេះនៅក្នុងចំណោមអ្នកវិនិយោគអាមេរិកជាច្រើន។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបិទ TikTok មួយរយៈពេលខ្លីនៅក្នុង សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួនគឺ ByteDance បានខកខានកាលបរិច្ឆេទផុត កំណត់នៅថ្ងៃទី១៩ខែមករា ដើម្បីដកប្រតិបត្តិការអាមេរិក។
ការបិទបណ្តាញសង្គមនេះ បានកើតឡើងបន្ទាប់ ពីតុលាការកំពូល របស់សហរដ្ឋអាមេរិក បានតម្កល់ច្បាប់សហព័ន្ធ ដែលតម្រូវឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធីទៅឱ្យក្រុមហ៊ុន អាមេរិកដោយលើកឡើង ពីកង្វល់សន្តិសុខជាតិ។
គួរឲ្យដឹងដែរថាវេទិកានេះ ត្រូវបានដាក់ដំណើរការប៉ុន្មានម៉ោងឡើងវិញ បន្ទាប់ពីលោក Trump បានប្រកាសពីផែនការ ដើម្បីចេញបទបញ្ជាប្រតិបត្តិ ដែលពន្យារពេលការ អនុលោមតាមច្បាប់រយៈពេល៩០ថ្ងៃ ហើយបានដាក់ផែនការ ដើម្បីស្វែងរកការទិញយក ភាគហ៊ុនភាគច្រើន របស់សហរដ្ឋអាមេរិកនៅក្នុង TikTok ៕
ប្រែសម្រួល៖ស៊ុនលី