បេរូត៖ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអ៊ែលលើក្រុមមនុស្សលីបង់ ដែលព្យាយាមធ្វើដំណើរវិលត្រឡប់ទៅផ្ទះ របស់ពួកគេនៅភាគខាងត្បូងប្រទេស បានកើនឡើងដល់២២នាក់ ក្នុងនោះរួមមានស្ត្រីចំនួន០៦នាក់ និងចំនួន ១២៥នាក់ផ្សេងទៀតបានរងរបួស ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសរួមមានស្ត្រីចំនួន១២នាក់ និងគ្រូពេទ្យមកពីសមាគមកាយរឹទ្ធិឥស្លាម ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះមនុស្សធម៌ ។
ប្រភពយោធាលីបង់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងកម្លាំងអ៊ីស្រាអ៊ែល ដែលគាំទ្រដោយរថពាសដែក Merkava និងគ្រឿងចក្រឈូសឆាយបានឆ្ពោះទៅរក ទីតាំងប្រមូលផ្តុំជនស៊ីវិលនៅក្នុងភូមិ Mays al-Jabal ហើយ “បានបាញ់ប្រហារយ៉ាងខ្លាំងដើម្បីបំភិតបំភ័យ និងបំបែកក្រុមអ្នកស្រុក” ។
ប្រភពបានឲ្យដឹងថា យោធាអ៊ីស្រាអ៊ែល ក៏បានបិទផ្លូវធំនៅច្រកចូលទីស្នាក់ការកណ្តាល នៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ ដែលមានទីតាំងនៅ Naqoura ភាគខាងត្បូងនៃប្រទេសលីបង់ ផងដែរ ។ ប្រភពបានឲ្យដឹងទៀតថា យោធាបានបាញ់ផ្លោងជាច្រើនគ្រាប់ទៅលើភូមិ Mays al-Jabal និង Arqoub Heights នៅភាគខាងកើតលីបង់ ហើយបានបាញ់កាំភ្លើងយន្តឆ្ពោះទៅកាន់ភ្នំ Sadaneh ស្ថិតនៅភាគខាងលិចនៃ Shebaa ដែលនៅភាគអាគ្នេយ៍នៃប្រទេសលីបង់។
គួរបញ្ជាក់ថា ថ្ងៃអាទិត្យ គឺជាថ្ងៃផុតកំណត់នៃរយៈពេល៦០ថ្ងៃ សម្រាប់ការដកទ័ពរបស់អ៊ីស្រាអ៊ែលចេញពីទឹកដីលីបង់ ។ ស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ដែលសម្រេចបាននៅចុងខែវិច្ឆិកា បន្ទាប់ពីជម្លោះជាច្រើនខែរវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធលីបង់ ហេបូឡាហ៍(Hezbollah) កងទ័ពលីបង់នឹងកាន់កាប់តំបន់ភាគខាងត្បូងនៃទន្លេ Litani ដោយធានាសន្តិសុខ និងការពារវត្តមានអាវុធ និងក្រុមសកម្មប្រយុទ្ធ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា