ព័ត៌មានអន្តរជាតិ

អត្រាគាំទ្រគណៈរដ្ឋមន្រ្តី របស់នាយករដ្ឋមន្ត្រីជប៉ុន ធ្លាក់មកនៅត្រឹម ៣៥ភាគរយ ខណៈ ៨៤ភាគរយ មានការបារម្ភ ចំពោះពន្ធរបស់អាមេរិក

kyodo

តូក្យូ៖ ការវាយតម្លៃការអនុម័តសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ឈរនៅត្រឹម ៣៥,៧ភាគរយ ផ្លាស់ប្តូរតិចតួចពី ៣៦,៥ភាគរយកាលពីខែមុន ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដោយមានអ្នកឆ្លើយតបភាគច្រើនព្រួយបារម្ភអំពីផែនការពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

ការស្ទង់មតិតាមទូរស័ព្ទកាលពីចុងសប្តាហ៍បានរកឃើញថា ៨៤,៣ ភាគរយនៃអ្នកឆ្លើយសំណួរគឺ “មានការព្រួយបារម្ភ” ឬ “មានការព្រួយបារម្ភខ្លះ” លើផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិកលើសេដ្ឋកិច្ចជប៉ុន។

ការវាយតម្លៃមិនយល់ព្រម សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Ishiba បានកើនឡើងដល់ ៤៩,២ ភាគរយពី ៤៣,១ភាគរយនៅក្នុងខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសកាណាដា និងម៉ិកស៊ិក គឺជាគោលដៅទំនងជានៃពន្ធជុំទីមួយរបស់លោក ត្រាំ ដោយប្រធានាធិបតីបានឲ្យដឹងនៅថ្ងៃសម្ពោធចូលកាន់តំណែងកាលពីសប្តាហ៍មុនថា លោកកំពុងពិចារណាលើការដំឡើងពន្ធ ២៥ភាគរយលើការនាំចូលពីប្រទេសទាំងពីរចាប់ពីថ្ងៃទី០១ ខែកុម្ភៈ។

ការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលដោយជៀសមិនរួចដល់ឧស្សាហកម្មរថយន្ត ដោយសារក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗ មានមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសទាំងពីរ និងនាំចេញរថយន្តទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។  លោក ត្រាំ ក៏​បាន​ឲ្យដឹងដែរ​ថា លោក​កំពុង​សិក្សា​ពន្ធ ១០ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ។

ទន្ទឹមនឹងនេះដែរ យោងតាមការស្ទង់មតិ ៥៩,៤ ភាគរយនៃអ្នកឆ្លើយតប បានពេញចិត្តក្នុងការអនុញ្ញាតឱ្យគូស្វាមីភរិយាប្រើនាមត្រកូលផ្សេងៗគ្នា ដែលជាប្រធានបទជជែកពិភាក្សាគ្នាយ៉ាងខ្លាំងនៅក្នុងសម័យប្រជុំសភា ខណៈដែល ៣២,៧ ភាគរយបានប្រឆាំងនឹងគំនិតនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top