បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ទីក្រុងមូស្គូបានបើកទូលាយ ក្នុងការសន្ទនាជាមួយរដ្ឋបាលអាមេរិកថ្មី ប៉ុន្តែមិនទាន់មានទំនាក់ទំនងណា មួយត្រូវបានបង្កើតឡើងនៅឡើយទេ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Ryabkov បាននិយាយថា ការហៅទូរស័ព្ទរវាងប្រធានាធិបតី នៃប្រទេសទាំងពីរ មិនត្រូវបានគ្រោងទុក នៅឡើយ ខណៈដែលមិនមានកិច្ចព្រមព្រៀង ឬការយល់ដឹងអំពីបញ្ហានេះនៅឡើយដូចគ្នាហើយ លោកបានកត់សម្គាល់ថា ការទំនាក់ទំនងទាំងអស់កំពុងត្រូវបានធ្វើឡើងនៅកម្រិតស្ថានទូតប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុន បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចរចាបញ្ចប់ជម្លោះអ៊ុយក្រែន។
ជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តនេះវិមានក្រឹមឡាំង ក៏ធ្លាប់បានថ្លែងថា ទីក្រុងមូស្គូត្រៀម ខ្លួនជាស្រេចដើម្បីពិភាក្សា និងកំពុងរង់ចាំសញ្ញាពីរដ្ឋបាល Trumpផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី