អ.ស.ប៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការពីក្រុងវ៉ាស៊ីនតោន អំពីការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងបម្រែបម្រួល អាកាសធាតុទីក្រុងប៉ារីស ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការ ក្នុងនាមជាអ្នកតម្កល់ទុក ការដកខ្លួនចេញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥” ។
លោកបានបញ្ជាក់ថា “យោងតាមមាត្រា២៨ត្រង់កថាខ័ណ្ឌ២នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការដកខ្លួនរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦” ។
គួរបញ្ជាក់ថា អ្នកនាំពាក្យខាងលើនេះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញា ចិត្តរបស់អង្គការសហប្រជាជាតិ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ប្រកបដោយប្រសិទ្ធភាពដើម្បីកំណត់ការកើនឡើង នៃសីតុណ្ហភាពពិភពលោកដល់១,៥អង្សាសេ ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃដំបូងដែលលោកវិលត្រឡប់មកកាន់សេតវិមានវិញ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដកប្រទេសរបស់លោកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីសជាលើកទី២ ។
រដ្ឋបាលរបស់លោក ត្រាំ ជាលើកដំបូងបានអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកចាកចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានដោះស្រាយការប៉ះទង្គិចដ៏ធំមួយចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំង នឹងវិបត្តិអាកាសធាតុ ។ លោក ចូ បៃដិន ដែលស្នងតំណែងពីលោក ត្រាំ នៅក្នុងខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ បន្ទាប់ពីចូលកាន់តំណែង ដើម្បីនាំយកប្រទេស របស់គាត់មកក្នុងកិច្ចព្រមព្រៀងនេះវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា