បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីព័ត៌មាន
Axios បានរាយការណ៍ថា មីស៊ីលស្ទាក់ចាប់ប្រហែល ៩០គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានបញ្ជូនពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសប៉ូឡូញរួចរាល់ហើយ ដែលជាទីកន្លែងនឹងវារក្សាទុកមុនបញ្ចូន ទៅដល់ចុងក្រោយនៅអ៊ុយក្រែន។
បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានដាក់ឲ្យចូលនិវត្តន៍នូវមីស៊ីល Patriots ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក របស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៤នោះរដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំមីស៊ីលទាំងនោះដើម្បីយកមកប្រើប្រាស់។
រដ្ឋាភិបាលទីក្រុងមូស្គូ បានព្រមានក្រុងយេរូសាឡឹមខាងលិច អំពីផលវិបាកដែលអាចកើតមាននៅពេលនោះ ហើយគំនិតនេះហាក់ដូចជា មិនបានទៅណាទេឆ្ងាយនោះទេ។
ប្រភពរបស់Axios បានរាយការណ៍ថាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យន្តហោះដឹកជញ្ជូន C-17 របស់កងទ័ពអាកាសអាមេរិក ជាច្រើនបានបញ្ជូនមីស៊ីលពីមូលដ្ឋានអាកាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលទៅកាន់ទីក្រុង Rzeszow ប៉ូឡូញ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន របស់ណាតូសម្រាប់ផ្គត់ផ្គង់អ៊ុយក្រែន។
គួរឲ្យដឹងដែរថា ទីក្រុងយេរូសាឡឹមខាងលិចបានជូនដំណឹង ដល់ទីក្រុងមូស្គូអំពីការផ្លាស់ប្តូរនេះ ហើយបាននិយាយថា ខ្លួនគ្រាន់តែ ប្រគល់ប្រព័ន្ធ Patriot ដល់សហរដ្ឋអាមេរិកប៉ុណ្ណោះ ជាជាងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី