សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ភាពប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកដែលដឹកនាំដោយភាគហ៊ុន IT ដោយអំពាវនាវឱ្យមានការតាមដានយ៉ាងជិតស្និទ្ធអំពីផលប៉ះពាល់សក្តានុពលរបស់វាទៅលើទីផ្សារក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ទេសាភិបាលរងធនាគារកូរ៉េ លោក Ryoo Sang-dai បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងគោលបំណងពិនិត្យមើលស្ថានភាពទីផ្សារ បន្ទាប់ពីធនាគារកណ្តាលសហព័ន្ធ បានសម្រេចរក្សាអត្រាការប្រាក់គោលឱ្យនៅថេរកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ចំនួន ៣ជាប់ៗគ្នា។
លោក Ryoo បានលើកឡើងថា “ការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក មិនមានផលប៉ះពាល់ធំដុំលើទីផ្សារ ដូចដែលវាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយនោះទេ ប៉ុន្តែការប្រែប្រួលបានកើនឡើងនៅក្នុងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើភាគហ៊ុនបច្ចេកវិទ្យា។ យើងត្រូវតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់ ដែលអាចកើតមាននៅលើទីផ្សារក្នុងស្រុក” ។
កាលពីដើមសប្តាហ៍នេះ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីការចាប់ផ្តើមអាជីវកម្មបញ្ញាសិប្បនិមិត្ត (AI) របស់ចិន DeepSeek បានបង្ហាញគំរូ AI កម្រិតខ្ពស់ និងមានតម្លៃសមរម្យជាងមុន ដោយធ្វើឱ្យមានការភ័យខ្លាចថាវាប្រឈមនឹងការត្រួតត្រានៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក។
លោកបានបន្ថែមថា “ភាពមិនច្បាស់លាស់នៅតែមានកម្រិតខ្ពស់ទាក់ទងនឹងពេលវេលា និងល្បឿននៃការកាត់បន្ថយអត្រាការប្រាក់របស់ ធនាគារកណ្ដាលអាមេរិក គោលនយោបាយសេដ្ឋកិច្ច និងនយោបាយក្នុងស្រុករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ យើងនឹងរក្សាការប្រុងប្រយ័ត្ន និងពិនិត្យមើលការអភិវឌ្ឍន៍ និងផលប៉ះពាល់នៃកត្តាហានិភ័យបែបនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា