ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសពីចេតនា ក្នុងការតម្លើងពន្ធ លើសហភាព អឺរ៉ុបថែមទៀត

RT News

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនា របស់លោកក្នុងការតម្លើងពន្ធលើសហភាពអឺរ៉ុប ដោយលោកបានលើកឡើង ពីទង្វើអយុត្តិធម៌ក្នុងការអនុវត្តពាណិជ្ជកម្ម ។ ចេតនានេះធ្វើឡើងបន្ទាប់ពីការអនុវត្តពន្ធ ២៥ភាគរយ លើការនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និង ១០ភាគរយ លើទំនិញរបស់ចិន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហភាពអ៊ឺរ៉ុបបាននឹងកំពុងរៀបចំ សម្រាប់ការរឹតបន្តឹងពាណិជ្ជកម្ម ដែលអាចកើតមាននៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ។ លោក ត្រាំ បានគំរាមជាច្រើនដងក្នុងការដាក់ពន្ធលើអឺរ៉ុប លុះត្រាតែមានលក្ខខណ្ឌជាក់លាក់ ។ កាលពីខែធ្នូ លោក ត្រាំ បានទាមទារ ឱ្យទីក្រុងព្រុចសែល កាត់បន្ថយឱនភាពពាណិជ្ជកម្ម របស់ខ្លួនជាមួយ សហរដ្ឋអាមេរិក តាមរយៈការបង្កើនការទិញប្រេង និងឧស្ម័នរបស់អាមេរិក ។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានកាលពីថ្ងៃសុក្រថា “តើខ្ញុំនឹងដាក់ពន្ធលើសហភាពអឺរ៉ុបទេ? អ្នក​ចង់​បាន​ចម្លើយ​ពិត ឬ​ខ្ញុំ​គួរ​ផ្តល់​ចម្លើយ​នយោបាយ?

នេះ​មិន​មែន​កើតឡើងដំបូង​នៃ​ភាព​តានតឹង ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប ​ក្រោម​ការ​គ្រប់គ្រង ​របស់​លោក ត្រាំ ទេ ព្រោះក្នុងឆ្នាំ ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយ លើការនាំចូលអាលុយមីញ៉ូមពីប្លុក ក៏ដូចជាកាណាដា និងម៉ិកស៊ិក ដោយលើកឡើង ពីកង្វល់សន្តិសុខជាតិ ។

ជាការឆ្លើយតប សហភាពអឺរ៉ុប បានអនុវត្តពន្ធសងសឹក លើផលិតផលអាមេរិក ដូចជាស្រាវីស្គី bourbon និងម៉ូតូ៕
ប្រែសម្រួលៈ ណៃ តុលា

To Top