ព័ត៌មានអន្តរជាតិ

ជប៉ុន សម្ដែងការព្រួយបារម្ភ ពីផលប៉ះពាល់ នៃពន្ធគយរបស់អាមេរិក លើប្រទេសចិន និងប្រទេសដទៃទៀត

kyodo

តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់សក្តានុពល នៃពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិន កាណាដា និងម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Kato បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ ដែលអាចកើតមានលើសេដ្ឋកិច្ចពិភពលោក ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បី “វាយតម្លៃ ឱ្យបានហ្មត់ចត់” ចលនាប្តូរប្រាក់បរទេស និងទស្សនវិស័យ នៃគោលនយោបាយ រូបិយវត្ថុនៅសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ជប៉ុន ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យដំឡើងពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយបន្ថែមទៀតលើទំនិញពីប្រទេសចិន។ លោកបានលើកឡើងថា “យើងនឹងត្រូវពិនិត្យមើលយ៉ាងដិតដល់ពីរបៀបដែលប្រទេសជប៉ុន នឹងរងផលប៉ះពាល់ជាពិសេស និងចាត់វិធានការចាំបាច់ជាការឆ្លើយតប” ដោយសំដៅលើការព្រួយបារម្ភអំពីអតិផរណា ដែលភ្ជាប់ទៅនឹងពន្ធដ៏ច្រើន ដែលដាក់ដោយរដ្ឋបាលលោក ត្រាំ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើការដាក់ពន្ធ ២៥ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង ១០ភាគរយបន្ថែមទៀតលើទំនិញពីប្រទេសចិន ដែលប៉ះពាល់ដល់សង្គ្រាមពាណិជ្ជកម្ម ដែលមានសក្តានុពល និងបង្កើនភាពមិនច្បាស់លាស់ សម្រាប់អាជីវកម្មសកល។

លោក ត្រាំ ដែលចំណាយពេលចុងសប្តាហ៍នេះនៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida បានធ្វើតាមការសន្យារបស់លោក ក្នុងការដាក់វិធានការបែបនេះ ដើម្បីដាក់សម្ពាធប្រទេស ទាំងបី ឱ្យបង្ក្រាបការជួញដូរសារធាតុ fentanyl និងដើម្បីកែតម្រូវអតុល្យភាព ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ភារកិច្ចនឹងចូលជាធរមាន នៅថ្ងៃអង្គារនេះ បើយោងតាមសេតវិមាន។ លោក ត្រាំ បានឲ្យដឹងនៅលើវេទិកា Truth Social របស់លោកថា “យើងត្រូវការពារជនជាតិអាមេរិក ហើយវាជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតី ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា”។

លោក ត្រាំ បានឲ្យដឹងថាអត្រា ១០ភាគរយ នឹងអនុវត្តចំពោះថាមពលរបស់ប្រទេសកាណាដា មិនមែន ២៥ភាគរយ ដែលបានកំណត់សម្រាប់ការនាំ ចូលផ្សេងទៀតនៅក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីការពារតម្លៃប្រេងសាំង ពីការកើនឡើងយ៉ាងខ្លាំង។ លោកបានអនុវត្តបញ្ជានេះយ៉ាងឆាប់រហ័ស តាមច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ ប៉ុន្តែកាណាដា ចិន និងម៉ិកស៊ិក សុទ្ធតែមានប្រតិកម្មភ្លាមៗ ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ដោយប្តេជ្ញាថានឹងចាត់វិធានការសងសឹករៀងៗខ្លួន។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឲ្យដឹងថា ប្រទេសរបស់លោក នឹងដំឡើងពន្ធ ២៥ ភាគរយលើទំនិញអាមេរិកមានតម្លៃ ១០៧ ពាន់លានដុល្លារ រួមទាំងគ្រឿងស្រវឹង សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះផ្សេងទៀតលើអាមេរិកវិញ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top