ព័ត៌មានអន្តរជាតិ

លោក ត្រាំ ផ្អាកការយកពន្ធ លើកាណាដា និង ម៉ិកស៊ិក រយៈពេល ៣០ថ្ងៃ

kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធគយដែលបានគ្រោងទុក របស់រដ្ឋបាល របស់លោក លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក នឹងត្រូវផ្អាករយៈពេល ៣០ថ្ងៃ ខណៈដែលលោក បានធានាការប្តេជ្ញាចិត្តថ្មី លើការកែលម្អសន្តិសុខព្រំដែន ពីប្រទេសជិតខាងទាំងពីរ។

កិច្ចព្រមព្រៀងរបស់លោក ត្រាំ ជាមួយ សមភាគីកាណាដា និងម៉ិកស៊ិករបស់លោក បានកើតឡើងមុនពេល ពន្ធចូលជាធរមានកាលពីថ្ងៃអង្គារ ។ ក្នុងអំឡុងពេលមួយខែ លោក ត្រាំ បានឲ្យដឹងថា លោកចង់ចរចារកិច្ចព្រមព្រៀង កាន់តែល្អជាមួយប្រទេសកាណាដា និង ម៉ិកស៊ិក ដែលលោកបានចោទប្រកាន់ថា មិនបានធ្វើគ្រប់គ្រាន់ក្នុងការ បង្ក្រាបការជួញដូរសារធាតុ fentanyl និងការធ្វើចំណាកស្រុកខុសច្បាប់។

ការផ្លាស់ប្តូរគោលនយោបាយនៅនាទីចុងក្រោយនេះ មិនមែនជារឿងចម្លែកទេនៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសៅរ៍ ដែលដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ក៏ដូចជា ១០ ភាគរយបន្ថែមលើទំនិញពីប្រទេសចិន។

លោក ត្រាំ ថែមទាំងបាននិយាយថា គ្មានអ្វីដែលប្រទេសទាំងបី អាចធ្វើបាន ដើម្បីទប់ស្កាត់កាតព្វកិច្ចដ៏ធ្ងន់នោះទេ ហើយថែមទាំងបានបន្ទោសពួកគេ ចំពោះការខកខាន ក្នុងការអនុវត្តវិធានការគ្រប់គ្រាន់ ដើម្បីដោះស្រាយអតុល្យភាព ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។

លោកបានឲ្យដឹងនៅលើវេទិកាសង្គម Truth Social បន្ទាប់ពីបាននិយាយទៅកាន់ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ឲ្យដឹងថា “ក្នុងនាមជាប្រធានាធិបតី វាជាទំនួលខុសត្រូវ របស់ខ្ញុំ ក្នុងការធានាសុវត្ថិភាព របស់ប្រជាជន អាមេរិកទាំងអស់ ហើយខ្ញុំកំពុងធ្វើដូច្នេះ។ ខ្ញុំរីករាយនឹងលទ្ធផលដំបូងនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top