ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរប៉ង់តាហ្គោន ធ្វើដំណើរទៅកាន់ព្រំដែន របស់អាមេរិក ជាមួយម៉ិកស៊ិក ក្នុងពេលលោក Donald Trump បង្ក្រាបទៅលើជនភៀស ខ្លួនខុសច្បាប់

AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានទៅដល់ រដ្ឋតិចសាស់ កាលពីថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ច នៅព្រំដែនភាគ ខាងត្បូង ខណៈដែលប្រធានាធិបតី លោក Donald Trump ធ្វើការដើម្បីអនុវត្ត របៀបវារៈដ៏តឹងតែង ដែលរួមមានការជំរុញ វត្តមានយោធាអាមេរិក ដើម្បីទប់ស្កាត់ជន អន្តោប្រវេសន៍ខុសច្បាប់ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងដំណើរលើកដំបូង របស់លោកក្នុងនាម ជាប្រធានមន្ទីរបញ្ចកោណ លោក Hegseth នឹងអង្កេតប្រតិបត្តិការ និងជួបជាមួយទាហានអាមេរិក ដែលត្រូវបានបញ្ជូនយ៉ាង ប្រញាប់ប្រញាល់ទៅកាន់តំបន់ព្រំដែន ក្រោមការដឹកនាំរបស់លោក Trump ។

លោក Hegseth បានសរសេរនៅលើ X នៅក្នុងការប្រកាស អំពីការមក ដល់របស់លោកថា “ទន្ទឹងរង់ចាំជួបអ្នក ចម្បាំងដ៏អស្ចារ្យរបស់យើង និងឃើញការខិតខំប្រឹងប្រែង ដែលពួកគេកំពុងធ្វើ ដើម្បីធានាព្រំដែនភាគខាងត្បូងរបស់យើង។ យើងនឹងបន្តបេសកកម្មដ៏សំខាន់នេះ” ។

លោក Trump បានបញ្ជាឱ្យបុគ្គលិកយោធា បន្ថែមចំនួន ១.៥០០នាក់ទៅកាន់ព្រំដែន ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីការចូលកាន់តំណែង ហើយរដ្ឋបាល របស់លោកបានធ្វើការវាយឆ្មក់ និងការចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ជនចំណាកស្រុកមួយ ចំនួនត្រូវបាននិរទេស ដោយប្រើយន្តហោះយោធា។

សន្តិសុខព្រំដែនគឺជាអាទិភាពសំខាន់ សម្រាប់ប្រធានាធិបតី ដែលបានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិក ជាមួយនឹងប្រទេសម៉ិកស៊ិក នៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង ។ បុគ្គលិកយោធាបន្ថែមបានបង្កើនចំនួន កងទ័ពសកម្មសរុប ដែលដាក់ពង្រាយ នៅទីនោះដល់ប្រហែល ៤.០០០នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top