ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើដំណើរទៅអាមេរិក រយៈពេល ៣ថ្ងៃ សម្រាប់កិច្ចប្រជុំកំពូល ជាមួយលោក ត្រាំ

kyodo
" "

តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ប្រទេសជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចពិភាក្សាផ្ទាល់លើកដំបូង ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ។

ប្រទេសទាំងពីរគ្រោងនឹង ចេញសេចក្តីថ្លែង ការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំ ដែលទំនងជានឹងធ្វើឡើង នៅថ្ងៃសុក្រជាមួយនឹងការពិភាក្សា កំពុងបន្តអំពីការរួមបញ្ចូល ការប្តេជ្ញាចិត្ត “មិនផ្លាស់ប្តូរ” របស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន នេះបើយោងតាមប្រភព រដ្ឋាភិបាលជប៉ុន ។

" "

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាលោក Ishiba មានបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសជប៉ុនក្នុងការបង្កើនការ ចំណាយលើវិស័យការពារជាតិ ដោយមានការពិចារណា ជាក់ស្តែងថា លោក Trump ក្រោមរបៀបវារៈ “America First” របស់លោក កំពុងបង្កើនសម្ពាធលើ សមាជិកណាតូ ដើម្បីរួមចំណែកបន្ថែមទៀតដល់វិស័យការពារជាតិ។

" "

នៅក្នុងការប្រកាសជាផ្លូវការនៃដំណើរ ទៅកាន់សហរដ្ឋអាមេរិកលើកដំបូង របស់លោក Ishiba ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលាមក ប្រធានខុទ្ទកាល័យ លោក Yoshimasa Hayashi បានសម្តែងក្តីសង្ឃឹមថា មេដឹកនាំទាំងពីរនឹងកសាងទំនាក់ទំនង ផ្ទាល់ខ្លួនតាមរយៈការផ្លាស់ប្តូរ ដោយស្មោះត្រង់ និងចែករំលែកទស្សនៈ របស់ពួកគេលើបញ្ហាប្រឈមផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅកាន់កម្រិតថ្មីមួយ ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya នឹងអមដំណើរ លោក Ishiba ទៅកាន់សហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ច ។ កិច្ចប្រជុំកំពូលនាពេល ខាងមុខនឹងក្លាយជាឱកាសដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ក្នុងការបញ្ជាក់ឡើងវិញ នូវសម្ព័ន្ធភាពដ៏រឹងមាំរបស់ខ្លួនជា មួយសហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខពីប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ដែលបានផ្តល់ភាពមិនច្បាស់លាស់ អំពីរបៀបដែលលោក ត្រាំ គ្រោងនឹងចូលរួមជាមួយប្រទេសជប៉ុន នៅក្នុងអាណត្តិទីពីររបស់លោក ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមករា។

ការប្តេជ្ញាចិត្តផ្នែកការពារជាតិ របស់សហរដ្ឋអាមេរិក “មិនប្រែប្រួល” ចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន ដែលគាំទ្រដោយសមត្ថភាពនុយក្លេអ៊ែរ និងយោធាធម្មតា ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលដែលលោក ត្រាំ ដែលទើបឡើងកាន់តំណែងបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top