បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើ កាលពីថ្ងៃអង្គារថា ប្រជាជនប៉ាឡេស្ទីន ដែលបានផ្លាស់ទីលំនៅ ត្រូវតាំងទីលំនៅជាអចិន្ត្រៃយ៍ នៅខាងក្រៅតំបន់ហ្គាហ្សា ហើយបានស្នើ ឱ្យសហរដ្ឋអាមេរិកទទួលយក “ភាពជាកម្មសិទ្ធិ” ក្នុងការអភិវឌ្ឍន៍តំបន់នេះឡើងវិញ ។ សុន្ទរកថារបស់លោក បានទាក់ទាញការប្រឆាំងយ៉ាងឆាប់រហ័ស ហើយប្រាកដណាស់ថា នឹងធ្វើឱ្យរំខានដល់កិច្ចចរចាបទឈប់បាញ់ រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានគូសបញ្ជាក់ពីការគិតរបស់លោក នៅពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។ លោក Netanyahu កំពុងប្រឈមមុខ នឹងសម្ពាធប្រកួតប្រជែង ពីក្រុមចម្រុះស្តាំនិយម ដើម្បីបញ្ចប់បទឈប់បាញ់ បណ្តោះអាសន្នប្រឆាំង នឹងក្រុមសកម្ម ប្រយុទ្ធហាម៉ាសនៅហ្គាហ្សា និងពីជនជាតិអ៊ីស្រាអែល ដែលហត់នឿយនឹងសង្រ្គាម ដែលចង់ឱ្យចំណាប់ខ្មាំងដែលនៅសេសសល់មកផ្ទះវិញ និងដើម្បីឱ្យសង្រ្គាមបញ្ចប់។
ដំណាក់កាលដំបូងនៃបទឈប់បាញ់បានចាប់ផ្តើមកាលពីខែមុន ហើយក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមការពិភាក្សាជាមួយអ្នកសម្រុះសម្រួលអន្តរជាតិក្នុងដំណាក់កាលទីពីរនៃការចរចា។ ដំណាក់កាលទីមួយបានបញ្ឈប់ការប្រយុទ្ធ អនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងហ្គាហ្សា និងផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនសម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលជាការវាយប្រហារ ដែលបានចាប់ផ្តើមសង្រ្គាម។
ការចរចាសម្រាប់ដំណាក់កាលទីពីរនៃបទឈប់បាញ់ ត្រូវបានរំពឹងថា នឹងមានការលំបាកច្រើន ។ ការចរចានាពេលក្រោយទំនង ជារួមបញ្ចូលចំណាប់ខ្មាំង និងការដោះលែង អ្នកទោសបន្ថែមទៀត ការបន្តបទឈប់បាញ់ដោយគ្មានកំណត់ ហើយអ្នកណានឹងគ្រប់គ្រង តំបន់ហ្គាហ្សាបន្ទាប់ពីអរិភាពបានបញ្ចប់៕