បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា អ៊ីស្រាអែលនឹងបង្វែរតំបន់ហ្កាហ្សា ទៅសហរដ្ឋអាមេរិកកាន់កាប់វិញ បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាសបានបញ្ចប់ ហើយថា មិនចាំបាច់មានទាហានអាមេរិកនៅទីនោះទេ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ ដែលបានអំពាវនាវឱ្យមានភាពជាម្ចាស់ របស់សហរដ្ឋអាមេរិកលើទឹកដីតូចចង្អៀត តាមបណ្តោយសមុទ្រមេឌីទែរ៉ាណេមួយនេះ បានចេញសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម Truth Social។ លោកបាននិយាយថា នៅក្រោមផែនការរបស់លោក ប្រជាជនប៉ាឡេស្ទីនជាង ២ លាននាក់ឥឡូវនេះកំពុងរស់នៅលើទឹកដី ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម “នឹងត្រូវតាំងទីលំនៅថ្មីរួចហើយនៅក្នុង សហគមន៍ឆ្ងាយដែលមានសុវត្ថិភាព និងស្រស់ស្អាតជាងមុន ជាមួយនឹងផ្ទះថ្មី និងទំនើបនៅក្នុងតំបន់”។
លោកមិនបាននិយាយថា តើលោកចង់សំដៅទៅតំបន់ Gaza ឬប្រទេសផ្សេងទៀតដែលនៅមិនទាន់យល់ព្រម ទទួលយកពួកគេនៅឡើយទេ។ មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានសរសេរថា «ពួកគេពិតជានឹងមានឱកាសរីករាយ សុវត្ថិភាព និងមានសេរីភាព។
ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យ បក្សពួកប៉ាឡេស្ទីនទាំងអស់រួបរួមគ្នាប្រឆាំងនឹង ការកាន់កាប់តំបន់ហ្គាហ្សាដែលបានស្នើឡើងរបស់លោក ដូណាល់ ត្រាំ ៕
ប្រែសម្រួលៈ ណៃ តុលា