ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ដែលកំពុងបំពេញទស្សនកិច្ច ជាផ្លូវការនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា ចំណងមិត្តភាពចិន-ថៃ ត្រូវបានបន្តវេនអស់រយៈពេលពាន់ឆ្នាំមកហើយ។ ឆ្នាំនេះ គឺជាខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូត រវាងចិន និងថៃ និង ជា”៥០ ឆ្នាំមាស នៃមិត្តភាពចិន-ថៃ” ភាគីទាំងពីរគួរ តែបន្តវេននិងត្រួសត្រាយ អនាគត ចាប់ដៃដើរទៅមុខជាមួយគ្នា ដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួមរវាងចិន និងថៃឱ្យកាន់តែស៊ីជម្រៅ និងប្រាកដប្រជា ក្នុងន័យផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់តំបន់ និងពិភពលោកផងដែរ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនកោតសរសើរ ចំពោះប្រទេសថៃ ដែលបានចាត់វិធានការ ដ៏មានប្រសិទ្ធភាព ដើម្បីបង្កា្របល្បែងស៊ីសង តាមអនឡាញ និងបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ ភាគីទាំងពីរគួរតែបន្តពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកការអនុវត្តច្បាប់ សន្តិសុខនិងប្រព័ន្ធតុលាការ ដើម្បីការពារសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជន និងរក្សាសណ្តាប់ធ្នាប់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានាក្នុងតំបន់ ។
ជាការឆ្លើយតប លោកស្រី Paetongtarn បានថ្លែងថា ប្រទេសថៃប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថាធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ។
ប្រទេសថៃ មានឆន្ទៈក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកការ អនុវត្តច្បាប់ ជាមួយប្រទេសចិន និងប្រទេសជិត ខាងផ្សេងទៀត ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីបង្រ្កាបបទល្មើសឆ្លងដែន ដូចជាល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ជាដើម ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)