បរទេស៖ ការកំណត់គោលដៅរបស់រដ្ឋបាល Trump ទៅលើភ្នាក់ងារ FBI ដែលបានស៊ើបអង្កេតលើ លោកកំពុងសាបព្រួសវិបត្តិ និងការភ័ន្តច្រឡំនៅក្នុងទីភ្នាក់ងារនេះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីសប្តាហ៍មុន មន្ត្រីកំពូលចំនួនប្រាំមួយរូប របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាល របស់ខ្លួនក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីស្តាប់ការណែនាំបន្ទាន់ពីរដ្ឋបាលលោក Trump ។
ម្នាក់ជាអ្នកស៊ើបអង្កេតនាំមុខ លើការវាយប្រហារភេរវកម្ម ថ្ងៃទី១១កញ្ញា ។ ម្នាក់ទៀតបានដឹកនាំការស៊ើបអង្កេត លើការប៉ុនប៉ងធ្វើឃាតលោក Trump កាលពីរដូវក្តៅមុន។ ទាំងអស់គ្នាកំពុងរង់ចាំការណែនាំពីលោក Brian Driscoll ដែលត្រូវបានតែងតាំងជានាយកស្តីទី FBI បន្ទាប់ពីនាយក Christopher Wray បានលាលែងពីតំណែងក្នុងខែធ្នូ ឆ្នាំ ២០២៤។
លោក Driscoll ទើបតែមកដល់ពីកិច្ចប្រជុំដ៏តានតឹងមួយជាមួយលោក Emil Bove អគ្គរដ្ឋអាជ្ញារងស្តីទីរបស់លោក Trump ក្នុងអំឡុងពេលដែលលោក Bove បានផ្តល់ឱសានវាទដល់លោក Driscoll ទៅដល់មន្ត្រីជាន់ខ្ពស់ FBI ថា លាលែងពីតំណែងនៅថ្ងៃទី ៣ ខែកុម្ភៈ ឬត្រូវបានបណ្តេញចេញ។
នៅឯក្រសួងយុត្តិធម៌ និង FBI ការបណ្តេញចេញបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយផ្តោតលើអ្នកដែលពាក់ព័ន្ធ ក្នុងការស៊ើបអង្កេតលើលោក Trump ពេលកន្លងមក ។
មន្ត្រីជាន់ខ្ពស់ជាង ២០ នាក់នៅក្នុងទីភ្នាក់ងារទាំងពីរ និងរដ្ឋអាជ្ញាជាច្រើននាក់ផ្សេងទៀត បានបាត់បង់ការងាររបស់ពួកគេ។ រដ្ឋបាលលោក Trump បានចាប់ផ្តើមចងក្រងបញ្ជីមនុស្ស រាប់ពាន់នាក់ទៀតដែលខ្លួននឹងពិនិត្យ ដោយបង្កើនក្តីបារម្ភថា មនុស្សជាច្រើនទៀតអាចត្រូវបានបណ្តេញចេញ ៕
ប្រែសម្រួលៈ ណៃ តុលា