ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារលើភាគខាងត្បូង និងភាគខាងកើតលីបង់ ចំពេលមានបទឈប់បាញ់

RT News

បេរូត៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ (NNA) បានរាយការណ៍ថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តោតលើតំបន់ជាច្រើននៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ចំពេលមានបទឈប់បាញ់ នេះបើយោងតាមករចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

NNA បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាច្រើនលើកម្ពស់ជួរភ្នំភាគខាងកើត និងតំបន់មួយនៅក្នុងស្រុក Baalbek ភាគខាងកើតប្រទេសលីបង់ ដោយបន្ថែមថាអ៊ីស្រាអែលក៏បានបើកការវាយប្រហារតាមអាកាសជាច្រើនលើគោលដៅនៅភាគខាងត្បូងប្រទេសលីបង់ នៅម៉ោងប្រហែល ១០ និង ៣៥ នាទីយប់ ម៉ោងក្នុងស្រុក។

មុនពេលមានការវាយប្រហារតាមអាកាស យន្តហោះអ៊ីស្រាអែល បានធ្វើការហោះហើរក្នុងរយៈកម្ពស់ទាបខ្លាំងពីលើទីក្រុង Rashaya និងភាគខាងលិចទីក្រុង Bekaa ខណៈពេលដែលកំពុងហោះហើរក្នុងរយៈកម្ពស់ខ្ពស់ពីលើទីក្រុង Hermel និងភាគខាងជើងទីក្រុង Bekaa ដែលស្ថិតនៅភាគខាងកើតប្រទេសលីបង់។ យោងតាមរបាយការណ៍បានឱ្យដឹងថា យន្តហោះអ៊ីស្រាអែល ក៏ត្រូវបានគេឃើញពីលើទីក្រុងបេរ៉ូត  និងជាយក្រុងរបស់ខ្លួនផងដែរ។

ការវិវឌ្ឍទាំងនេះកើតឡើង បើទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងបន្តរវាងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា និងយោធាអ៊ីស្រាអែល ដែលបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយមានន័យថា នឹងបញ្ចប់ការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាងមួយឆ្នាំ ដែលបង្កឡើងដោយសង្រ្គាមនៅតំបន់ហ្គាហ្សា។

កិច្ចព្រមព្រៀងបានចែងថា អ៊ីស្រាអែលនឹងដកខ្លួនចេញពី ទឹកដីលីបង់ក្នុងរយៈពេល ៦០ ថ្ងៃ ខណៈពេលដែលកងទ័ពលីបង់ នឹងត្រូវបានដាក់ពង្រាយតាមព្រំដែនលីបង់-អ៊ីស្រាអែល និងនៅតំបន់ភាគខាងត្បូង ដោយធានាថាគ្មានអាវុធ ឬក្រុមសកម្មប្រយុទ្ធនៅភាគខាងត្បូងនៃទន្លេ Litani ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសលីបង់ បានប្រកាសកាលពីថ្ងៃទី២៧ ខែមករាថា ខ្លួនបានយល់ព្រមបន្តបទឈប់បាញ់រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីរយៈពេល ៦០ ថ្ងៃដំបូងបានផុតកំណត់ដោយគ្មានការដកអ៊ីស្រាអែល ចេញពីភាគខាងត្បូងនៃប្រទេសលីបង់។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏យោធាអ៊ីស្រាអែល បានបន្តបើកការវាយប្រហារម្តងម្កាល នៅក្នុងប្រទេសលីបង់ ដោយអះអាងថា ពួកគេមានគោលបំណងលុបបំបាត់ “ការគំរាមកំហែង” ដែលបង្កឡើងដោយក្រុមហេសបូឡា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top