ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កភាពតានតឹងក្នុងតំបន់

Kyodo

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយថា កិច្ចសហប្រតិបត្តិការយោធារបស់សម្ព័ន្ធមិត្ត បានធ្វើឱ្យបរិយាកាសសន្តិសុខមានអស្ថិរភាព ។

លោក គីម ជុងអ៊ុន ក៏បានសន្យាថានឹងពន្លឿនការអភិវឌ្ឍន៍ កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសទាំងបី នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបលើកទី ៧៧ នៃការបង្កើតកងទ័ព នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពពី KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ដោយថា កូរ៉េខាងជើង នឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ជំរុញការទប់ស្កាត់ទាំងអស់រួមទាំងកងកម្លាំងនុយក្លេអ៊ែរ ដែលជាគោលនយោបាយមិនអាចរង្គោះរង្គើបាន ដោយរិះគន់សហរដ្ឋអាមេរិក សម្រាប់ឈរនៅពីក្រោយឆាកនៃម៉ាស៊ីនសង្រ្គាម” ។ ទីភ្នាក់ងារសារព័ត៌មានបានចុះផ្សាយថា ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការប្រុងប្រយ័ត្នប្រឆាំងនឹង “សម្ព័ន្ធភាពយោធាត្រីភាគី” លោក គីម ក៏បានសម្តែងការព្រួយបារម្ភថា កិច្ចសហការរបស់ពួកគេអាចនាំមកនូវការបង្កើត “ណាតូអាស៊ី” ។

របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ លើកដំបូងរបស់ពួកគេនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានយល់ព្រមធ្វើការឆ្ពោះទៅរកការលុបបំបាត់ នុយក្លេអ៊ែរទាំងស្រុងរបស់ប្រទេសកូរ៉េខាងជើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top