បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការនាំចេញស្រូវសាឡី របស់ប្រទេសរុស្ស៊ី បានកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅដើមរដូវ កាលកសិកម្មឆ្នាំ២០២៤-២០២៥ នេះទោះបីជាមានការខិតខំប្រឹង ប្រែងរបស់ EU ក្នុងការរឹតបន្តឹងការចូលទៅកាន់ទីផ្សារ គ្រាប់ធញ្ញជាតិ ពិភពលោកក៏ដោយ។
គួរឲ្យដឹងដែរថាសហភាពអឺរ៉ុប បានដាក់ពន្ធខ្ពស់ លើការនាំចូល គ្រាប់ធញ្ញជាតិ របស់រុស្ស៊ីកាលពីឆ្នាំមុន ក្នុងគោលបំណងទប់ស្កាត់ ប្រាក់ចំណូលនាំចេញរបស់ទីក្រុងមូស្គូ ខណៈពេលដែលលើកឡើង ពីការព្រួយបារម្ភថា ស្រូវសាលីរុស្ស៊ីថោក អាចធ្វើឲ្យទីផ្សារអឺរ៉ុបមានអស្ថិរភាព។
ទីក្រុងមូស្គូបានថ្កោលទោសការរឹតបន្តឹងនេះ ដោយលើកហេតុផលថា ការតំឡៀងពន្ធមិនមែនជាផលប៉ះពាល់ នៃទណ្ឌកម្មទេ ប៉ុន្តែជាការប៉ុនប៉ងដោយចេតនា ដើម្បីធ្វើឱ្យខូចខាត ដល់ប្រទេសរុស្ស៊ីប៉ុណ្ណោះ។
កន្លងមកវិមានក្រឹមឡាំង ធ្លាប់បានព្រមានថាសកម្មភាព របស់សហភាពអឺរ៉ុបអាច ធ្វើឱ្យអសន្តិសុខស្បៀង អាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ដោយបន្ថែមថា អ្នកប្រើប្រាស់នៅអឺរ៉ុបពិតជានឹងរងទុក្ខ ពីការកើនឡើងតម្លៃ។
យោងតាមទិន្នន័យចុងក្រោយ របស់ប្រតិបត្តិករផ្លូវដែកដែលជាក្រុមហ៊ុន Rusagrotrans ការដឹកជញ្ជូនស្រូវសាឡី របស់រុស្ស៊ីមានចំនួនសរុប៣២,២លានតោន នៅចន្លោះខែកក្កដាដល់ខែមករា កើនឡើងពី៣១,៨លានតោន ក្នុងរយៈពេលដូចគ្នាកាលពីរដូវកាលមុន ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញខែមករា បានធ្លាក់ចុះយ៉ាងខ្លាំង មកត្រឹម២,៤៧លានតោន ធ្លាក់ចុះពី៤,០៨លានតោនក្នុងខែដូចគ្នានៃឆ្នាំ២០២៤ ។
មកដល់ពេលនេះប្រទេសអេហ្ស៊ីបនៅតែជាអ្នកទិញស្រូវសាឡីច្រើន ជាងគេរបស់ប្រទេសរុស្ស៊ី ដោយបាននាំចូល៦,៣ លានតោន ស្មើនឹង១,៧ដង ច្រើនជាងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុនហើយប្រទេសបង់ក្លាដែស បានវ៉ាដាច់តួគីជាគោលដៅធំទីពីរ ដោយបញ្ជា ទិញសរុបបាន២,២៨ លានតោន៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)