ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍រួមចុងក្រោយបង្អស់ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងជប៉ុន ទាក់ទងនឹងប្រទេសចិន ដោយសារតែសេចក្តីថ្លែងការណ៍នេះ គឺជាការជ្រៀតជ្រែកយ៉ាងត្រចះត្រចង់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញពីការគាំទ្រ ចំពោះអ្វីដែលហៅថាការចូលរួម ដ៏មានអត្ថន័យរបស់តៃវ៉ាន់ នៅក្នុងអង្គការអន្តរជាតិ ហើយបានបញ្ជាក់ជាថ្មីថា មាត្រាទី ៥ នៃសន្ធិសញ្ញាសហប្រតិបត្តិការ និងសន្តិសុខរវាងសហរដ្ឋអាមេរិក និងជប៉ុន អនុវត្តចំពោះកោះ Diaoyu Dao ដែលជាផ្នែកខាងក្នុងនៃទឹកដីរបស់ប្រទេសចិន។
ជាការឆ្លើយតប លោក Guo បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ខ្លឹមសារដែលទាក់ទងនឹងប្រទេសចិននៃសេចក្តីថ្លែងការណ៍រួមបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនដោយជេរប្រមាថចិន និងធ្វើឱ្យមានភាពតានតឹងក្នុងតំបន់។ លោក បានលើកឡើងថា ប្រទេសចិនបានដាក់តំណាងយ៉ាងឱឡារិក ជាមួយប្រទេសជប៉ុន។
ដោយកត់សម្គាល់ថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ និងជាចំណុចកណ្តាលនៃ ផលប្រយោជន៍ស្នូលរបស់ខ្លួន លោកបាននិយាយថា ប្រទេសនេះនឹងមិនអត់ឱនឱ្យមានការជ្រៀតជ្រែក ពីខាងក្រៅណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា រដ្ឋាភិបាលអាមេរិក និងជប៉ុន បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះចិនលើសំណួរតៃវ៉ាន់។ លើសពីនេះ ជប៉ុន គួរតែប្រយ័ត្នប្រយែងក្នុងពាក្យសម្ដី និងសកម្មភាព ព្រោះវាទទួលខុសត្រូវជាប្រវត្តិសាស្ត្រ យ៉ាងធ្ងន់ធ្ងរសម្រាប់ការឈ្លានពាន និងធ្វើអាណានិគមតៃវ៉ាន់។ លោកបាន ថា ប្រសិនបើប្រទេសទាំងនោះ ពិតជាយកចិត្តទុកដាក់ចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់នោះ ពួកគេគួរតែគោរពតាមគោលការណ៍ចិនតែមួយ និងប្រឆាំងដាច់ខាត “ឯករាជ្យភាពតៃវ៉ាន់”។
លោកបានបញ្ជាក់បន្ថែមថា ការចូលរួមរបស់តំបន់តៃវ៉ាន់ នៅក្នុងសកម្មភាពរបស់អង្គការអន្តរជាតិត្រូវតែ និងអាចដោះស្រាយបាន តែតាមគោលការណ៍ចិនតែមួយ ហើយតៃវ៉ាន់មិនមានហេតុផល ឬសិទ្ធិក្នុងការចូលរួមជាមួយអង្គការអន្តរជាតិ ដែលសមាជិកភាពរបស់ពួកគេត្រូវបានបង្ខាំង នៅក្នុងរដ្ឋអធិបតេយ្យនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)