ព័ត៌មានអន្តរជាតិ

លោក Trudeau ប្រកាសប្តេជ្ញាប្រឆាំង ទៅនឹងការតម្លើង ពន្ធថ្មីរបស់លោក Trump

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានធ្វើការរិះគន់ខ្លាំង ទៅលើការដាក់ពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានពណ៌នាការផ្លាស់ប្តូរថាជារឿងដែលមិនអាចទទួលយកបានផងដែរ។ លោកTrudeau បានសង្កត់ធ្ងន់ថាកាណាដានឹង ក្រោកឈរឡើងយ៉ាងរឹងមាំ ប្រឆាំងនឹងវិធានការទាំងនេះប្រសិនបើចាំបាច់។

ពន្ធ​ដែល​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាល​ពី​ថ្ងៃ​ចន្ទ គ្រោង​នឹង​ចូល​ជា​ធរមាន​ក្នុង​ខែ​មីនា ហើយ​អនុវត្ត​ជា​សាកល​ដោយ​មិន​មាន​ការ​លើក​លែងនោះទេ។

ការផ្លាស់ប្តូរគោលនយោបាយនេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមមានកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប និងកូរ៉េខាងត្បូងផងដែរ ។
គួរឲ្យដឹងដែរថា ប្រទេសកាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែបដ៏ធំបំផុត ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីពន្ធគយទាំងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top