បរទេស៖ ប្រជាជាតិចំនួន ២៧ នៅសហភាពអឺរ៉ុប និងកាណាដា កាលពីថ្ងៃអង្គារ បានប្ដេជ្ញាថា នឹងឈរយ៉ាងរឹងមាំប្រឆាំង នឹងការផ្លាស់ប្តូររបស់ប្រធានាធិបតី អាមេរិក Donald Trump ក្នុងការតម្លើងពន្ធ ២៥ភាគរយ លើការនាំចេញដែកថែប និងអាលុយមីញ៉ូមពីប្រទេសពួកគេ ដែលជាការនិយាយពាក្យសំដីដែលអាចនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម ពេញលេញរវាង ប្រទេសសម្ព័ន្ធមិត្តប្រពៃណីទាំងនោះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហភាពអឺរ៉ុបនឹងធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន, ការតម្លើងពន្ធគឺ ជាការយកពន្ធ – អាក្រក់សម្រាប់អាជីវកម្ម, កាន់តែអាក្រក់សម្រាប់អ្នកប្រើប្រាស់ ។
លោកស្រីបាននិយាយថា “ពន្ធមិនសមហេតុផល លើសហភាពអឺរ៉ុប នឹងត្រូវតែមានចម្លើយទៅវិញ – ពួកគេនឹងបង្កឱ្យមានការប្រឆាំង យ៉ាងរឹងមាំនិងសមាមាត្រ” ។
លោក Trump ប្រធានាធិបតីអាមេរិក បាននិយាយថា ពន្ធដែក និងអាលុយមីញ៉ូមនឹងចូលជាធរមាននៅថ្ងៃទី១២ ខែមីនា។ ជាការឆ្លើយតប មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ពួកគេអាចកំណត់គោលដៅផលិតផលរបស់សហរដ្ឋអាមេរិកដូចជា ស្រាវីស្គី, ខោខូវប៊យ, ប៊ឺ និងម៉ូតូ ដែលភាគច្រើនផលិត នៅក្នុងរដ្ឋសាធារណរដ្ឋដែលគាំទ្រលោក Trump ក្នុងជ័យជម្នះការបោះឆ្នោតរបស់លោក
នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ លោក Donald Tusk ដែលកាន់តំណែង ជាប្រធានសហភាពអឺរ៉ុបបាននិយាយថា វាជារឿងសំខាន់ដែលអ្នករាល់គ្នា នៅជាមួយគ្នា។ គ្រាលំបាក ទាមទារឲ្យមានសាមគ្គី ភាពពេញលេញបែបនេះ ។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយក្នុងសន្និសីទ ស្តីពីបញ្ញាសិប្បនិមិត្តនៅទីក្រុងប៉ារីសថា ពន្ធដែក និងអាលុយមីញ៉ូមរបស់លោក Trump នឹងមិនសមហេតុផលទាំងស្រុង ហើយថា “ប្រជាជនកាណាដានឹងទប់ទល់យ៉ាងខ្លាំង និងរឹងមាំប្រសិនបើចាំបាច់”៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)