បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឈ្មោះប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះដ៏មានសក្តានុពលសម្រាប់ ជំនួបលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអាណត្តិទីពីររបស់លោក។ ទីក្រុងមូស្គូ មិនទាន់បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិកទេ មកទល់ពេលនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំទាំងពីរបានជជែកគ្នា តាមទូរស័ព្ទដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងប្រធានបទផ្សេងទៀត។
លោក ត្រាំ បានប្រាប់អ្នកកាសែតនៅក្នុងការិយាល័យ Oval ថា “ជាលើកដំបូងដែលយើងនឹងជួបគ្នា នៅប្រទេសអារ៉ាប៊ីសាអូឌីត សូមមើលថាតើយើងធ្វើអ្វីមួយឬអត់”។ លោកបានបង្ហាញថា ជំនួបជាច្រើនជាមួយលោកពូទីន អាចប្រព្រឹត្តទៅនៅប៉ុន្មានខែខាងមុខ ដោយនិយាយថា “យើងរំពឹងថាគាត់នឹងមកទីនេះ ហើយខ្ញុំនឹងទៅទីនោះ ហើយយើងនឹងជួបផងដែរ ប្រហែលជានៅប្រទេសអារ៉ាប៊ីសាអូឌីត”។
លោក ដូណាល់ ត្រាំ មិនបានប្រាប់កាលបរិច្ឆេទជាក់លាក់ ណាមួយសម្រាប់អ្វីដែលលោកហៅថា ជា “ជំនួបដំបូង” ជាមួយលោក ពូទីននោះទេ ប៉ុន្តែបាននិយាយថា វានឹងកើតឡើងនៅក្នុង “អនាគតមិនយូរប៉ុន្មាន”។ លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា មេដឹកនាំទាំងពីរស្គាល់ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ហើយថាព្រះរាជាណាចក្រមួយនេះ អាចជា “កន្លែងដ៏ល្អសម្រាប់ជំនួប” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
