បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump បាននិយាយគ្នាតាមទូរស័ព្ទជិត ៩០ នាទីកាលពីថ្ងៃពុធ។
ក្នុងនោះ ដោយបន្ថែមទៀតដែរថា ប្រមុខរដ្ឋទាំងពីរ បានយល់ព្រមជួបប្រជុំគ្នាជាលើកដំបូងនៅក្នុងប្រទេសទីបី ដោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទំនងជានឹងកើតឡើង ក្នុងពេលឆាប់ៗនេះ។
ការជួបជុំគ្នាលើកនេះ គឺជាទំនាក់ទំនងដោយផ្ទាល់ ដែលគេស្គាល់ជាលើកដំបូង រវាងប្រមុខរដ្ឋអាមេរិក និងរុស្ស៊ី ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia 1 កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov បានពណ៌នាការសន្ទនានេះថាមានលក្ខណៈស្ថាបនា ដោយបន្ថែមថា មេដឹកនាំទាំងពីរបានយល់ស្របថា រដ្ឋបាលរបស់លោក Joe Biden ដែលជាអ្នកស្នងតំណែងមុនរបស់លោក Trump បានធ្វើ ការខូចខាតយ៉ាងសម្បើម ចំពោះទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
លោក Putin និងលោក Trump បានព្រមព្រៀងគ្នាថា សូម្បីតែបញ្ហាស្មុគស្មាញបំផុត ក៏គួរតែត្រូវបានដោះស្រាយ តាមរយៈការចរចាសន្តិភាពនោះដែរនេះ បើយោងតាមលោក Peskovបានបន្ថែម ។
មន្ត្រីរូបនេះបាននិយាយថា ក្រៅពីការអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសរៀងៗខ្លួន ប្រមុខរដ្ឋទាំងពីរក៏បានយល់ព្រមរៀបចំ និងបើកកិច្ចប្រជុំការងារមួយកន្លែង នៅប្រទេសទីបីយ៉ាងឆាប់រហ័សនាពេលខាងមុខផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)