បរទេស៖ ក្រសួងការបរទេសវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម មានឆន្ទៈក្នុងការពិភាក្សា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា ពាណិជ្ជកម្ម ខណៈដែលអាមេរិកត្រៀម ខ្លួនរួចជាស្រេចក្នុងការដំឡើងពន្ធ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូល ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុង កិច្ចប្រជុំសារព័ត៌មានជាទៀងទាត់ថា “វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពិភាក្សា ជាមួយសហរដ្ឋអាមេរិកក្នុងលក្ខណៈស្ថាបនា និងកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មាន ជំរុញការយល់ដឹង និងការដោះស្រាយនូវបញ្ហាលេចធ្លោ ដោយហេតុនេះ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី របស់យើងឱ្យកាន់តែរឹងមាំ និងស្ថិរភាព បំពេញនូវផលប្រយោជន៍របស់ភាគីទាំងពីរ”។
លោកស្រី Hang បានឆ្លើយតបទៅនឹងការសាកសួរ អំពីប្រតិកម្មរបស់វៀតណាម ចំពោះលទ្ធភាព ដែលសហរដ្ឋអាមេរិកដាក់ពន្ធ ២៥ភាគរយ លើផលិតផលដែក និងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលមកក្នុងប្រទេស ។
លោកស្រី Hang បាននិយាយថា វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគី ដោយឈរលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ របស់ប្រទេសទាំងពីរ ដោយបន្ថែមថា វៀតណាមចែករំលែកក្តីបារម្ភ នៃអាជីវកម្មចំពេលមានការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចពិភពលោក ។ រដ្ឋាភិបាលតែងតែតាមដានស្ថានការណ៍ ដើម្បីដាក់ចេញវិធានការសមស្រប និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច ទន្ទឹមនឹងការរួម ចំណែកដល់ការអភិវឌ្ឍន៍ ពាណិជ្ជកម្មពិភពលោក។
សូមជម្រាបថា ប្រទេសវៀតណាម រួមជាមួយកាណាដា ម៉ិកស៊ិក ប្រេស៊ីល និង កូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ដោយការ សម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកទាំងអស់ចាប់ពីថ្ងៃទី ៤ ខែមីនា។ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តនេះនឹងលើកទឹកចិត្ត ឱ្យអាជីវកម្មផ្លាស់ទីទៅកាន់សហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)