បរទេស ៖ បុរសជាអ្នកទេសចរជនជាតិរុស្សីម្នាក់បានស្លាប់ បន្ទាប់ពីលេងឧបករណ៍រអិលចូលទឹក ឬ water slide នៅលើទូកទេសចរណ៍នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Andrew Anganov អាយុ ៣៣ឆ្នាំ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើទូកក្បែរកោះសាក់ ក្នុងស្រុក Bang Lamung នៅម៉ោងប្រហែល ៥ ល្ងាច។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន The Pattaya News បានឱ្យដឹងថា ការព្យាយាមជួយសង្គ្រោះគាត់នៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យទីក្រុងប៉ាតាយ៉ា មិនបានជោគជ័យទេ ។
សមាជិកទូកម្នាក់បាននិយាយថា Andrew បានប្រើស្លាយទឹករបស់ទូកចូលសមុទ្រ។ បន្ទាប់ពីត្រឡប់មកកប៉ាល់វិញ គាត់បានត្អូញត្អែរពីការឈឺឆ្អឹងខ្នងធ្ងន់ធ្ងរមុនពេលដួល។
Suparat Meepreecha មន្ត្រីប៉ូលិសទេសចរណ៍ប៉ាតាយ៉ា បាននិយាយថា Anganov បានមកដល់ប៉ាតាយ៉ា កាលពីថ្ងៃអាទិត្យ។ ការស៊ើបអង្កេតលើ ឧប្បត្តិហេតុកំពុងបន្ត៕
ប្រែសម្រួលៈ ណៃ តុលា
