យូអិនៈ ” អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា អង្គការសហប្រជាជាតិ ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន-រុស្ស៊ី ហើយមើលឃើញថា ការហៅទូរស័ព្ទរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី គឺជា “រឿងវិជ្ជមាន”។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា “អ្វីដែលយើងពេញចិត្ត គឺការខិតខំប្រឹងប្រែងណាមួយ ដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន ដែលនឹងមានការពាក់ព័ន្ធរវាងភាគីរុស្ស៊ី និងអ៊ុយក្រែន”។
អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃដោយហៅការសន្ទនារវាងមេដឹកនាំទាំងពីរថា “ដោយគិតពីសារៈសំខាន់របស់សហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី អង្គការសហប្រជាជាតិស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាតាមរយៈ ការទំនាក់ទំនងជាទៀងទាត់”។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ នៅមុនថ្ងៃដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងធ្វើការចរចាដោយផ្ទាល់ក្នុងគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី។
លោក ត្រាំ បានលើកឡើងថា “ខ្ញុំទើបតែមានការហៅទូរស័ព្ទដ៏យូរ និងប្រកបដោយផលិតភាពខ្ពស់ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី” ដោយផ្តល់ជូននូវកំណែខ្លឹមសារនៃការហៅទូរស័ព្ទ របស់លោកនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ។ លោក ត្រាំ បានឲ្យដឹងថា លោក និងលោក ពូទីន បានព្រមព្រៀងគ្នាថា “យើងចង់បញ្ឈប់ការស្លាប់រាប់លាននាក់ ដែលកើតឡើងនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន” ។
លោកបានលើកឡើងថា “យើងបានយល់ព្រមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ រួមទាំងការទៅសួរសុខទុក្ខប្រជាជាតិគ្នាទៅវិញទៅមកផងដែរ។ យើងក៏បានយល់ព្រមឱ្យក្រុមរៀងៗខ្លួន ចាប់ផ្តើមការចរចាជាបន្ទាន់ ហើយយើងនឹងចាប់ផ្តើមដោយទូរស័ព្ទ ទៅប្រធានាធិបតីលោក ហ្សេឡិនស្គី នៃប្រទេសអ៊ុយក្រែន ដើម្បីជូនដំណឹងដល់គាត់អំពីការសន្ទនា ដែលខ្ញុំនឹងធ្វើនៅពេលនេះ” ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងអំឡុងពេល ការសន្ទនាតាមទូរស័ព្ទ ដើម្បីចាប់ផ្តើមការចរចា “ភ្លាមៗ” ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការសន្ទនារបស់លោកជាមួយលោក ពូទីន គឺ “វែងឆ្ងាយ និងមានផលិតភាពខ្ពស់” ហើយពាក់ព័ន្ធនឹងការពិភាក្សាអំពីភាពខ្លាំង របស់សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដូចជាអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលនឹងទទួលបានតាមរយៈ ការសហការនាពេលអនាគត។
ក្រោយមកលោកបានប្រាប់ អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ឲ្យដឹងថា “ខ្ញុំគិតថាប្រធានាធិបតី ពូទីន ចង់បានសន្តិភាព ហើយ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កីចង់បានសន្តិភាព ខ្ញុំក៏ចង់បានសន្តិភាព ខ្ញុំគ្រាន់តែចង់ឃើញមនុស្សឈប់សម្លាប់គ្នា”។ មិនយូរប៉ុន្មានបន្ទាប់ពីការហៅទូរស័ព្ទ កាលពីថ្ងៃពុធលោក ហ្សេឡិនស្គី បានលោកថា លោកមានការសន្ទនាតាមទូរស័ព្ទ “ប្រកបដោយអត្ថន័យ” ជាមួយលោក ត្រាំ។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបាននិយាយជាយូរមកហើយអំពីឱកាស ដើម្បីសម្រេចបាននូវសន្តិភាព គ្មាននរណាម្នាក់ចង់បានសន្តិភាព ជាងអ៊ុយក្រែននោះទេ។ រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងកំណត់ជំហានបន្ទាប់របស់យើង ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី”។
លោកលើកឡើងថា ប្រធានាធិបតីអាមេរិកបានចែករំលែក ព័ត៌មានលម្អិតនៃការសន្ទនារបស់គាត់ជាមួយពូទីន។ មេដឹកនាំអ៊ុយក្រែនបានសម្តែងការពេញចិត្ត ចំពោះការចាប់អារម្មណ៍របស់លោក ត្រាំ ចំពោះ “អ្វីដែលយើងអាចសម្រេចបានរួមគ្នា” ដោយបន្ថែមថាពួកគេបានបញ្ជាក់ថា ពួកគេនឹងរក្សាទំនាក់ទំនង និងរៀបចំកិច្ចប្រជុំនាពេលខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា
