ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិត ឱ្យបានល្អតាមរបៀបណា?ភាគីចិនបានផ្តល់ផែនការចិន

សម្លឹងមើលទៅកាន់ពិភពលោកបច្ចុប្បន្ន ប្រធានបទ ដែលត្រូវគេពិភាក្សាខ្លាំងបំផុត និងឈានមុខគេបំផុត គឺបញ្ញាសិប្បនិម្មិត ។ នៅខែមុន បន្ទាប់ពីម៉ូតធំ DeepSeek-R1 នៃសហគ្រាសចិន ដែល ទើបបង្កើតឡើងត្រូវបានដាក់បង្ហាញ ក៏បានធ្វើឱ្យមនុស្ស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើផ្ទៃអន្តរជាតិ ហើយធ្វើឱ្យទីផ្សារ Wall Streetមានការពិភាក្សាយ៉ាងសកម្ម ។ ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសនានាបានចាត់វិធានការ ជាបន្តបន្ទាប់ជុំវិញបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឧទាហរណ៍ ដូចជា សហរដ្ឋអាមេរិក បានប្រកាសក្ដែងៗពីផែនការ“Stargate” បារាំងនិងសហភាពអឺរ៉ុបក៏បានប្រកាសជាបន្តបន្ទាប់ថា នឹងផ្តល់ប្រាក់ទុនលើសពី១សែនលានប្រាក់អឺរ៉ូ សម្រាប់ជំរុញការអភិវឌ្ឍនៃឧស្សាហកម្មបញ្ញាសិប្បនិម្មិត ។

ក្នុងបរិបទនេះ កិច្ចប្រជុំកំពូល ស្តីពីប្រតិបត្តិការបញ្ញាសិប្បនិម្មិត ដែលបានរៀបចំធ្វើនៅក្រុងប៉ារីស ប្រទេសបារាំងនាពេលកន្លងទៅនេះ បានទាក់ទាញក្រសែចក្ខុ របស់ពិភពលោកទាំងមូល ។ ថ្នាក់ដឹកនាំឬតំណាងជាន់ខ្ពស់របស់ប្រទេសជាង៣០ ព្រមទាំងអ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិ បានចូលរួមកិច្ចប្រជុំនេះ ។ ភាគីហត្ថលេខីចំនួន៦១ដូចជាបារាំង ចិននិងឥណ្ឌាជាដើម បានរួមគ្នាចេញផ្សាយ 《សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាប័ន្ននិងចីរភាព ដើម្បីបង្កើតផលប្រយោជន៍ដល់មនុស្សជាតិនិងផែនដី》 ដោយសន្យាថា នឹងអភិវឌ្ឍបច្ចេកទេសនេះ តាមទម្រង់បើកទូលាយ បរិយាប័ន្ននិងប្រកបដោយក្រមសីលធម៌ ។ចាប់ពីបានប្រសូតឡើង នៅទស្សវត្សរ៍ឆ្នាំ៥០ នៃសតវត្សរ៍មុនមក បញ្ញាសិប្បនិម្មិតមិន ដែលឈរនៅជួរមុខ នៃវឌ្ឍនភាពខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមនុស្សជាតិ ដូចបច្ចុប្បន្នអ៊ីចឹងទេ ។ ក្នុងក្រសែភ្នែក របស់អ្នកមានសុទិដ្ឋិនិយម ចំពោះបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត កំពុងចង្អុលបង្ហាញ ផ្លូវនៃកំណែទម្រង់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃបដិវត្តន៍ ឧស្សាហកម្មលើកទីបួន ដែលមានឱកាសពាណិជ្ជកម្មនិងតម្លៃយុទ្ធសាស្ត្រ យ៉ាងខ្លាំង វានឹងធ្វើវិទ្ធង្សនានិងកសាង ពិភពលោកជាថ្មីឡើងវិញ ។ ប៉ុន្តែព្រមពេល ជាមួយគ្នានេះ សំឡេងព្រួយបារម្ភក៏បានកើនឡើងដែរ ។ បច្ចេកទេស“ក្លែងបន្លំកម្រិតខ្ពស់” បានធ្វើឱ្យព័ត៌មាន ក្លែងក្លាយមាន នៅពាសវាលពាសកាល ទស្សនៈលំអៀងខាងវិធីគណនា និងចន្លោះប្រហោងឡូស៊ិក ជាដើមប្រហែល នឹងបណ្តាលឱ្យកើតឧប្បត្តិហេតុ សន្តិសុខដ៏ធ្ងន់ធ្ងរ និង ការខាតបង់ខាងសេដ្ឋកិច្ច ។ ការធ្វើយោធាភាវូបនីយកម្ម ខាងបញ្ញាសិប្បនិម្មិត កំពុងធ្វើវិទ្ធង្សនាទម្រង់សង្គ្រាមប្រពៃណី ហើយប្រហែល នឹងក្លាយជាឧបករណ៍ក្នុងការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ ។

ផ្ទាំងពាណិជ្ជកម្ម

អ៊ីចឹង តើសហគមន៍អន្តរជាតិ នឹងរួមគ្នាក្តាប់ជាប់ឱកាសនិងពុះពារឧបសគ្គតាមរបៀបណា? ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Zhang Guoqing តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinpingនិងជាឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសុន្ទរកថាថា ភាគីចិនបានចូលរួមអភិបាល កិច្ចសកលនៃបញ្ញាសិប្បនិម្មិត ប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្វាគមន៍ភាគីនានាមកចូលរួម មហាសន្និបាតបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៥នៅប្រទេសចិន។ ប្រព័ន្ធសារព័ត៌មានបរទេស បានវាយតម្លៃថា ភាគីចិនចាត់បញ្ជូនគណៈប្រតិភូ ជាន់ខ្ពស់ឱ្យចូលរួមកិច្ចប្រជុំលើកនេះ គឺបង្ហាញពីគោលបំណងវិជ្ជមាន របស់ក្រុងប៉េកាំង ចំពោះការពង្រឹងអភិបាលកិច្ចសកល ខាងបញ្ញាសិប្បនិម្មិត និងជំរុញការតាក់តែងក្បួនច្បាប់ និងស្តង់ដារពាក់ព័ន្ធ។

កាលពីខែកក្កដាឆ្នាំ២០២៤ ចិនបានលើកឡើង សេចក្តីសម្រេចចិត្តស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត ដែលត្រូវបានអនុម័តក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ ។ កាលពីខែវិច្ឆិកាឆ្នាំ២០២៤ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូល នៃប្រទេស G២០ក្រុងRio de Janeiro ថា ត្រូវបង្កើនអភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិខាងបញ្ញាសិប្បនិម្មិត ធានាឱ្យបញ្ញាសិប្បនិម្មិតឆ្ពោះ ទៅរកសប្បុរសធម៌និងមានអំណោយផលដល់មនុស្សជាតិទាំងមូល ហើយចៀសវាងកុំឱ្យវាក្លាយជា “ល្បែងរបស់ប្រទេសមាននិងអ្នកមាន” ។
មិនថា មនុស្សជាតិបានត្រៀមលក្ខណៈឱ្យបានល្អឬអត់ ចរន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងបញ្ញាសិប្បនិម្មិតបានមកដល់ហើយ ។ វាជា “អាវុធមុខពីរ” ដែលប្រហែលនឹងក្លាយជាកម្លាំង សម្រាប់កែលម្អអភិបាលកិច្ច សង្គមនិងគាំពារ សន្តិសុខអន្តរជាតិផង ហើយក៏ប្រហែលនឹងក្លាយជាប្រភព ដែលគំរាមកំហែងយុត្តិធម៌និងសមភាព ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពដែរ ។ តើអាចប្រើ “អាវុធមុខពីរ” នេះឱ្យបានល្អយ៉ាងដូចម៉េច? នេះជាបញ្ហារួមដែលប្រទេសនានា លើពិភពលោកបាន និងកំពុងប្រឈមមុខ ។ 《គំនិតផ្តួចផ្តើមអភិបាលកិច្ច បញ្ញាសិប្បនិម្មិតជាសកល》 ដែលលើកឡើងដោយភាគីចិន បានផ្តល់នូវផែនការចិន សម្រាប់ឆ្លើយសំណួរនេះ ដែលគួរឱ្យពិភពលោកស្តាប់ គិតពិចារណានិងឆ្លើយតបយ៉ាងសកម្ម៕

To Top