ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Trump អះអាងអំពីទីតាំងសម្រាប់រៀបចំ ជំនួបកំពូលជាមួយនឹងរុស្ស៊ី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoff បេសកជនពិសេសប្រចាំ នៅតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថា កិច្ចពិភាក្សាស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថាលោក Witkoff បានធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់នេះហើយ នៅថ្ងៃអាទិត្យម្សិលមិញជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ។

បេសកជនដដែលរូបនេះបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា ៖ខ្ញុំនឹងចាកចេញយប់នេះ ។ លោក​បាន​បន្ថែម​ថា​៖ យើង​សង្ឃឹម​ថា​យើង​នឹង​សម្រេច​ បាន​នូវ​វឌ្ឍនភាព​ដ៏​សំខាន់ហើយប៉ុន្តែលោក Witkoff មិន​បាន​បង្ហាញ​ថា​តើ​ពួកគេ​នឹង​ជួប​ជាមួយ​នរណា ឬ​ប្រធានបទ​នៃ​ការ​ពិភាក្សា​នោះ​ទេ។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងនឹងជួបជាមួយ សមភាគីរុស្ស៊ីរបស់ពួកគេនៅក្នុងរដ្ឋធានីរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការពិភាក្សា ស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន។

កិច្ចពិភាក្សានាពេលខាងមុខ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនឹងស្ថិតក្នុង ចំណោមការពិភាក្សាផ្ទាល់ដោយផ្ទាល់រវាងមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយធ្វើជា បុព្វហេតុនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ៕

ប្រែសម្រួល៖ ស៊ុន លី

To Top