យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio នៅទីក្រុង យេរ៉ូសាឡឹម បានឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងធ្វើការ “នៅក្នុងកិច្ចសហប្រតិបត្តិការ ពេញលេញ” លើបញ្ហាទាក់ទងនឹង តំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោក និង លោក Rubio មានការពិភាក្សា “ប្រកបដោយផលិតភាព” លើចក្ខុវិស័យដ៏អង់អាច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់អនាគតរបស់តំបន់ហ្គាហ្សា” ដែលរួមមានការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសជិតខាង និងការបង្វែរតំបន់ជុំវិញ នោះទៅជាទន្លេនៃតំបន់មជ្ឈិមបូព៌ា។
លោកបានលើកឡើងថា អរគុណសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រ សម្រាប់គោលនយោបាយរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា រូបលោក និងលោក ត្រាំ “មានយុទ្ធសាស្រ្តរួមមួយ ” ខណៈដែលកត់សម្គាល់ថា “យើងមិនអាចចែករំលែកព័ត៌មាន លម្អិតនៃយុទ្ធសាស្រ្តនេះ ជាមួយសាធារណជនបាននោះទេ រួមទាំងពេលណាដែលទ្វារនរក នឹងត្រូវបានបើក ព្រោះពួកគេប្រាកដជានឹងដឹងថាមានអ្វីកើតឡើង ប្រសិនបើចំណាប់ខ្មាំងរបស់យើងទាំងអស់មិនត្រូវបានដោះលែង” ។
លោក ណេតាន់យ៉ាហ៊ូ ក៏បានសង្កត់ធ្ងន់លើការសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ប្រទេសទាំងពីរ “ធ្វើការលើស្មា” ដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងសកម្មភាពយោធាក្នុងតំបន់។ លោកបានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមថា អ៊ីរ៉ង់ “មិនត្រូវមានអាវុធនុយក្លេអ៊ែរ” ហើយថា “ការឈ្លានពានរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ត្រូវតែដកចេញវិញ” ។
លោក Rubio នៅក្នុងសុន្ទរកថា របស់លោកបានឲ្យដឹងថាចំណាប់ខ្មាំងនៅតែត្រូវបានឃុំឃាំងនៅតំបន់ហ្គាហ្សា “ចាំបាច់ត្រូវត្រលប់មកផ្ទះវិញ ពួកគេត្រូវតែត្រូវបានដោះលែង” ដោយបន្ថែមថា “វាត្រូវតែកើតឡើង វាមិនមែនជាជម្រើសទេ” ។ យោងតាមលោក Rubio លោក លោក ត្រាំ ច្បាស់ណាស់ថា ក្រុមហាម៉ាស់ មិនអាចបន្តជារដ្ឋាភិបាល (ស្ថាប័នគ្រប់គ្រង) ឬកម្លាំងយោធាបានទេ ដោយលើកហេតុផលថា ដរាបណាក្រុមនេះនៅតែកាន់អំណាច «សន្តិភាពមិនអាចទៅរួចឡើយ»៕
ប្រែសម្រួល ឈូក បូរ៉ា
